ត្បូងឃ្មុំ៖ កីឡាមិនត្រឹមតែជាសកម្មភាពកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយដ៏សំខាន់ក្នុងការថែរក្សាសុខភាព បង្កើនកម្លាំងកាយ ស្មារតី និងជួយឱ្យយុវជនប្រើប្រាស់ពេលវេលាទំនេរប្រកបដោយប្រយោជន៍។ ជាពិសេស ការចូលរួមលេងកីឡាបាល់ទាត់ អាចជួយពង្រឹងសាមគ្គីភាព មិត្តភាព វិន័យ និងការសហការគ្នារវាងយុវជន និងប្រជាពលរដ្ឋក្នុងសហគមន៍ ។ ​នេះ​ជាការលើកឡើង​របស់​ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ទេព អារី សន្តិភាព» រដូវកាលទី១ ឃុំស្វាយឃ្លាំង ដែលរៀបចំឡើងនៅបរិវេណទីលានបាល់ទាត់ ភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅ​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត លោក ទេព អារី អគ្គនាយកក្រុមហ៊ុន ទេព អារី ដឹកអ្នកដំណើរ កម្ពុជា-ម៉ាឡេស៊ី អាជ្ញាធរមូលដ្ឋាន ក្រុមកីឡាករ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តមអភិបាលរងខេត្ត បានមាន​ប្រសាសន៍អំពាវនាវដល់យុវជន និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមប្រឆាំង និងចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ព្រោះគ្រឿងញៀនអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព អនាគតរបស់យុវជន គ្រួសារ និងសង្គម។ ក្នុងន័យនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យយុវជនងាកមកចូលរួមក្នុងសកម្មភាពកីឡា ការងារសង្គម និងសកម្មភាពមានប្រយោជន៍ផ្សេងៗ ដើម្បីកសាងខ្លួនឱ្យក្លាយជាកម្លាំងស្នូលក្នុងការអភិវឌ្ឍសង្គមជាតិ។


ទន្ទឹមនឹងនេះ ដោយបច្ចុប្បន្នកំពុងស្ថិតក្នុងរដូវវស្សា ឯកឧត្តម ម៉ាត់ ហ្គោហ្វូត ក៏បានណែនាំដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម តាមរយៈការរក្សាអនាម័យជុំវិញលំនៅឋាន បំបាត់ប្រភពទឹកដក់ និងចូលរួមអនុវត្តវិធានការការពារជំងឺគ្រុនឈាមឱ្យបានខ្ជាប់ខ្ជួន ជាពិសេសក្នុងអំឡុងពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើដល់ក្រុមកីឡា និងកីឡាករទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីកីឡា គោរពបទបញ្ជានៃការប្រកួត មានសុជីវធម៌ អធ្យាស្រ័យ និងចាត់ទុកការប្រកួតជាឱកាសក្នុងការកសាងមិត្តភាព និងសាមគ្គីភាព ជាជាងផ្តោតសំខាន់តែលើការឈ្នះ-ចាញ់។


គួរបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ទេព អារី សន្តិភាព» រដូវកាលទី១ ឃុំស្វាយឃ្លាំង ត្រូវបានចាត់ទុកថា ជាសកម្មភាពដ៏មានសារៈសំខាន់មួយក្នុងការរួមចំណែកជំរុញការអភិវឌ្ឍវិស័យកីឡានៅមូលដ្ឋាន លើកកម្ពស់សុខភាព ពង្រឹងសាមគ្គីភាព និងមិត្តភាពក្នុងសហគមន៍ ព្រមទាំងបង្កើតឱកាសឱ្យយុវជនចូលរួមក្នុងសកម្មភាពកីឡា ដើម្បីចៀសឱ្យឆ្ងាយពីអំពើអបាយមុខ និងគ្រឿងញៀន ៕


Share.