នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មមកពីសាធារណរដ្ឋហ្វីលីពីន ចុះបេសកកម្មសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន។

ការចុះពិនិត្យផ្ទាល់ដីនេះ បានធ្វើឡើងនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ និងបានបន្តចុះទៅកាន់ទីតាំងស៊ីវិលដែលរងការខូចខាតធ្ងន់ធ្ងរ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងស្ថិតចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជារហូតដល់ប្រមាណ ៨,២គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិ។
ទីតាំងដែលក្រុមការងារអាស៊ានចុះទៅពិនិត្យ គឺជាទីតាំងប្រកបអាជីវកម្មប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ ដែលត្រូវបានកងកម្លាំងយោធាថៃវាយប្រហារយ៉ាងចាស់ដៃតាមរយៈការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 កាលពីខែធ្នូ ឆ្នាំ២០២៥។ រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋរងគ្រោះនៅតែមិនទាន់អាចស្តារ ឬប្រកបមុខរបរចិញ្ចឹមជីវិតឡើងវិញបាននៅឡើយ ដោយសារទំហំនៃ ការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ។

កម្ពុជាបានសម្តែងនូវជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបានសង្កត់ធ្ងន់លើសារៈសំខាន់មិនអាចខ្វះបាននៃការកសាងតម្លាភាព គណនេយ្យភាព និងទំនុកចិត្តគ្នាទៅវិញទៅមក តាមរយៈការអនុញ្ញាតឱ្យ AOT បំពេញអាណត្តិចុះពិនិត្យផ្ទាល់ ដើម្បីធានាថាបទឈប់បាញ់ត្រូវបានគោរព និងអនុវត្តយ៉ាងពេញលេញ។
សកម្មភាពនេះ គឺជាការអនុវត្តយ៉ាងម៉ឺងម៉ាត់ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដើម្បីកត់ត្រារាល់ការរំលោភបំពាន និងរៀបចំរបាយការណ៍ពិតជូនសហគមន៍អន្តរជាតិ៕
