កំពង់ចាម៖ ប្រជាពលរដ្ឋចំនួន៥៤គ្រួសារ ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ នៅឃុំចំនួន៤ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម បានទទួលអំណោយសង្គ្រោះបឋមពីកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រួលការលំបាករបស់ពួកគេ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ។

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារដែលរងផលប៉ះពាល់ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកពិសា វី-អាក់ទីវ១កេស និងឃីត១សម្រាប់។ ចំពោះថវិកា ត្រូវបានផ្តល់ទៅតាមកម្រិតខូចខាតជាក់ស្តែង ចាប់ពី១០ម៉ឺនរៀល ដល់៤០ម៉ឺនរៀលក្នុងមួយគ្រួសារ។

ក្នុងឱកាសនោះ អាជ្ញាធរបានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននៅពេលមានភ្លៀង ផ្គរ រន្ទះ និងជាពិសេសខ្យល់កន្ត្រាក់ ដោយត្រូវរកកន្លែងមានសុវត្ថិភាពសម្រាប់ជ្រក និងជៀសវាងការស្ថិតនៅក្បែរដើមឈើធំៗ ឬសំណង់ដែលអាចបង្កគ្រោះថ្នាក់។

ក្រៅពីការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ប្រជាពលរដ្ឋក៏ត្រូវបានណែនាំឱ្យយកចិត្តទុកដាក់លើអនាម័យ និងសុខភាព ដោយសម្អាតលំនៅដ្ឋានឱ្យបានល្អ កែប្រែទម្លាប់រស់នៅ និងចូលរួមជាមួយសហគមន៍ក្នុងការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ការចុះផ្តល់ជំនួយនេះ គឺជាការឆ្លើយតបបឋមដល់គ្រួសារដែលរងផលប៉ះពាល់ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព និងផ្តល់ការគាំទ្រដល់ពួកគេបន្ទាប់ពីរងគ្រោះដោយខ្យល់កន្ត្រាក់។

អត្ថបទ៖អាចារ្យលាក់

Share.