កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំង​បទល្មើសគ្រឿង​ញៀន​ឆ្លងដែន និងឧក្រិដ្ឋកម្មរៀបចំជាប្រព័ន្ធ កំពុងបង្ហាញលទ្ធផលជាក់ស្តែង តាមរយៈការពង្រឹង​ការចែករំលែក​ព័ត៌មាន​ស៊ើបការណ៍ ការសម្របសម្រួលប្រតិបត្តិការ និងការរួមគ្នាបង្ក្រាប​បណ្តាញ​ឧក្រិដ្ឋកម្ម​ដែលមាន​ទំនាក់ទំនង​អន្តរជាតិ។

សូមចុចអាន៖ អាស្រូវគ្រឿងញៀនលុកលុយចូលវត្តអារាមថៃ ក្រោយចាប់ផ្សឹកសង្ឃ ៣អង្គ ស្របពេលវិបត្តិគ្រឿងញៀនបាត់បង់ការគ្រប់គ្រង!

នេះជាខ្លឹមសាររបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបង្ហោះលើបណ្ដាញសង្គមហ្វេសបុកថ្ងៃទី២០ សីហា ២០២៦

តាមរយៈកិច្ចសហការរវាង រដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិក (DEA) និង នគរបាល​ប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) ប្រតិបត្តិការជាបន្តបន្ទាប់​បានឈានទៅដល់​ការចាប់ខ្លួន​ជនបរទេស​ពាក់ព័ន្ធជាច្រើននាក់ ការរឹបអូសទ្រព្យសម្បត្តិ មន្ទីរពិសោធន៍ផលិតគ្រឿងញៀន ទីតាំង​ស្តុក និង​សារធាតុ​គីមីដើមសម្រាប់ផលិតគ្រឿងញៀនជាង ១តោន ព្រមទាំងគ្រឿងញៀន​ខុសច្បាប់​ជាង ២០០គីឡូក្រាម។

លទ្ធផលទាំងនេះ ឆ្លុះបញ្ចាំងពីការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងការណែនាំ និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលត្រូវបានអនុវត្តដោយផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្ក្រាបបទ​ល្មើសគ្រឿង​ញៀនឆ្លងដែន។

ចំណុចសំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការនេះ គឺការសហការរវាងការិយាល័យ DEA ប្រចាំ​រាជធានី​​ភ្នំពេញ និងការិយាល័យ DEA នៅរដ្ឋ New Jersey ដែលបានជួយកំណត់​អត្តសញ្ញាណ​បណ្តាញ​​ក្នុងស្រុកមួយ ដែលពាក់ព័ន្ធនឹងការលាងលុយតាមរយៈ រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ក្នុងនាមឱ្យក្រុមឧក្រិដ្ឋកម្មអន្តរជាតិ Sinaloa Cartel។

ការស៊ើបអង្កេតនេះ មិនត្រឹមតែផ្តោតលើអ្នកពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បានពង្រីក​ទៅកាន់​បណ្តាញឧក្រិដ្ឋកម្ម និងអ្នកនៅពីក្រោយប្រតិបត្តិការដែល​មានទំនាក់ទំនង​នៅក្រៅ​ប្រទេស រួមទាំងម៉ិកស៊ិកផងដែរ។

ប្រតិបត្តិការធំ រឹបអូសសារធាតុញៀនជាង ១តោន នៅព្រះសីហនុ។ ក្នុងប្រតិបត្តិការដ៏ធំមួយកាលពី ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា ដោយផ្អែក​លើព័ត៌មាន​ស៊ើបការណ៍ពីភាគីអាមេរិក បានចុះបង្ក្រាបទីតាំងពាក់ព័ន្ធនៅលើកោះមួយ និងរឹបអូសបាន​សារធាតុញៀន​មានទម្ងន់សរុបជាង ១តោន ១៩៨គីឡូក្រាម។ នេះបើយោងតាមទិន្នន័យបន្ថែម​ពី​មន្ទីរប្រឆាំង គ្រឿងញៀន។

ប្រតិបត្តិការនេះត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់​នៃ​ការផលិត ស្តុក ដឹកជញ្ជូន និងចែកចាយគ្រឿងញៀនឆ្លងដែន មុនពេលសារធាតុញៀន​ទាំងនោះ​អាច​បន្ត​ចរាចរទៅកាន់ទីផ្សារផ្សេងៗ។

កម្ពុជាបន្តបើកទូលាយចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា “យើងមើលឃើញថា កិច្ចសហប្រតិបត្តិការនេះ គឺកើត​ចេញ​ជា​វិជ្ជមាន​ពីនយោបាយចាស់រវាងកម្ពុជា និងសហរដ្ឋអាមេរិក ពោលគឺ យើងបានធ្វើការងារ​ជាមួយគ្នា​ជាច្រើន​ទសវត្សរ៍មកហើយ ទៅលើការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ជាពិសេសគឺបញ្ហា​គ្រឿងញៀន​នេះតែម្តង។ គ្រាន់តែមកដល់ពេលនេះ គឺយើងចាប់ផ្តើមពង្រីក បង្កើននូវសកម្មភាពថ្មីៗជាច្រើនទៀត ដើម្បីដើរ​ឱ្យទាន់នូវការវិវត្តនៃបទល្មើសសកល ឬក៏បទល្មើសឆ្លងដែន ជាពិសេសគឺបញ្ហាគ្រឿងញៀន​នេះ​តែម្តង។ អញ្ចឹងទេ កិច្ចសហប្រតិបត្តិការនេះ វាមានន័យថាជាការទទួលស្គាល់ជារួមថា បញ្ហាគ្រឿងញៀន​គឺជារឿងប្រឈមរបស់ពិភពលោកទាំងមូល ហើយទទួលស្គាល់ព្រមគ្នានឹងគ្នាថា យើងត្រូវតែរួម​ដៃគ្នា​រវាងរដ្ឋ និងរដ្ឋ ទាំងកម្រិតទ្វេភាគី ទាំងកម្រិតតំបន់ និងពិភពលោកទាំងមូល ទើបការប្រយុទ្ធប្រឆាំង​នឹងបទល្មើសគ្រឿងញៀននេះ វាកាន់តែមានប្រសិទ្ធភាពខ្ពស់”។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្ថែមថា កម្ពុជាតែងតែបើកទូលាយក្នុងការ​ធ្វើកិច្ច​​សហប្រតិបត្តិការអន្តរជាតិ ដោយសារកម្ពុជាចាត់ទុកបញ្ហាគ្រឿងញៀន និងបទល្មើសឆ្លងដែន គឺជា​ផលប៉ះពាល់អាក្រក់បំផុតចំពោះមនុស្សជាតិទូទៅនៅលើពិភពលោក ដោយមិនមែនជាគ្រោះថ្នាក់​សម្រាប់​តែ​កម្ពុជា ឬរដ្ឋណាមួយផ្សេងទៀតនោះឡើយ។

លោកបានបន្តថា បច្ចុប្បន្ន កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធ​ជាមួយការិយាល័យ​ស៊ើប​អង្កេត​ប្រព័ន្ធ​ផ្សព្វផ្សាយសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក លើការងារជំនាញ ព័ត៌មាន និងផ្លូវច្បាប់ ដោយ​ឈរលើគោលការណ៍គោរពអធិបតេយ្យភាពនៃរដ្ឋ។ ជាមួយគ្នានេះ កម្ពុជានឹងបន្តធ្វើការ និងពង្រីកកិច្ច​សហប្រតិបត្តិការ​នេះជាបន្តបន្ទាប់ជាមួយបណ្តារដ្ឋផ្សេងៗទៀតផងដែរ។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករង​មន្ទីរ​ប្រឆាំង​បទល្មើសគ្រឿងញៀន ទទួលដឹកនាំ ការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន ឆ្លងដែនបាន​ចូលរួម​​បកស្រាយ និងចែករំលែកព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការទាំងនេះ ក្នុងកិច្ចប្រជុំ​សន្និបាតកំពូល IDEC (International Drug Enforcement Conference) នៅប្រទេសអាហ្សង់ទីន ដែលបង្ហាញ​ពី​ការ​ចូលរួម​យ៉ាងសកម្មរបស់​កម្ពុជាក្នុងកិច្ចប្រឹងប្រែង​អន្តរជាតិ​ប្រឆាំងបទ​ល្មើស​គ្រឿង​ញៀន។

យោងតាមព័ត៌មានដែលស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញបានផ្សព្វផ្សាយនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦ ការពង្រឹងការចែករំលែកព័ត៌មានស៊ើបការណ៍ និងការសម្របសម្រួលប្រតិបត្តិការ​រវាងសមត្ថកិច្ចអាមេរិក និងកម្ពុជា កំពុងដើរតួនាទីសំខាន់​ក្នុងការប្រយុទ្ធប្រឆាំង​នឹងការជួញ​ដូរ​គ្រឿងញៀន​​ឆ្លងដែន និងឧក្រិដ្ឋកម្មរៀបចំជាប្រព័ន្ធ។

ប្រភពដដែលបានឱ្យដឹងថា តាមរយៈគំនិតផ្តួចផ្តើមរួមគ្នានាពេលថ្មីៗនេះ DEA និង ADP បានជំរុញ​ឱ្យមាន​ការចាប់ខ្លួនជនបរទេសពាក់ព័ន្ធនឹងប្រតិបត្តិការជាច្រើននាក់ ព្រមទាំងការរឹបអូស​ទ្រព្យសម្បត្តិ មន្ទីរ​ពិសោធន៍​ផលិតគ្រឿងញៀន ទីតាំងស្តុក សារធាតុគីមីដើម​សម្រាប់ផលិតគ្រឿង​ញៀន​ច្រើនជាង ១តោន និង​គ្រឿងញៀនខុសច្បាប់ជាង ២០០គីឡូក្រាម។

កិច្ចខិតខំប្រឹងប្រែងដែលពាក់ព័ន្ធនឹងការិយាល័យ DEA នៅរាជធានីភ្នំពេញ និងរដ្ឋ New Jersey ក៏បាន​ជួយរកឃើញបណ្តាញក្នុងស្រុកដែលពាក់ព័ន្ធនឹងការលាងលុយតាមរូបិយប័ណ្ណគ្រីបតូ ក្នុង​នាម​ឱ្យក្រុម Sinaloa Cartel។

ប្រតិបត្តិការទាំងនេះបង្ហាញឱ្យឃើញកាន់តែច្បាស់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការ​រុះរើ​បណ្តាញឧក្រិដ្ឋកម្មសកល កាត់ផ្តាច់ខ្សែសង្វាក់ជួញដូរគ្រឿងញៀន និងការពារសុវត្ថិភាព​ប្រជាពលរដ្ឋ​នៃប្រទេសពាក់ព័ន្ធ។

សម្រាប់កម្ពុជា កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងដៃគូអន្តរជាតិផ្សេងទៀត កំពុងក្លាយ​ជាយន្តការដ៏សំខាន់ក្នុងការបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន និង​ឧក្រិដ្ឋកម្ម​​រៀបចំជាប្រព័ន្ធ ដែលកាន់តែមានភាពស្មុគស្មាញ និងគ្មានព្រំដែនភូមិសាស្ត្រ៕

Share.