កំពង់ធំ៖ ប្រជានេសាទដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានទទួលស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាព ខណៈរដូវបិទនេសាទកំពុងបន្ត។

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំដោយឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មកឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅតំបន់ជាប់បឹងទន្លេសាប។
ប្រជាពលរដ្ឋមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម មីជាតិ១កេស ទឹកត្រី-ទឹកស៊ីអ៊ីវ២យួរ និងត្រីខកំប៉ុង១យួរ។ អំណោយទាំងនេះ ត្រូវបានផ្តល់ក្នុងអំឡុងពេលដែលប្រជានេសាទត្រូវផ្អាកការនេសាទ ដើម្បីទុកឱកាសឱ្យធនធានមច្ឆជាតិបានពងកូន និងស្តារឡើងវិញ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានស្នើឱ្យប្រជានេសាទបន្តគោរពច្បាប់ស្តីពីជលផល ជាពិសេសក្នុងរដូវបិទនេសាទ និងជៀសវាងការប្រើឧបករណ៍ខុសច្បាប់ ដូចជាឧបករណ៍ឆក់ និងរបាំងស្បែមុង ដែលអាចប៉ះពាល់ដល់ការអភិរក្សធនធានមច្ឆជាតិ។

ក្រៅពីជួយដល់ប្រជាពលរដ្ឋ កងកម្លាំងដែលប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទនៅឃុំពាមបាង ក៏ទទួលបានស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ដើម្បីបន្តការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទ។
ការផ្តល់ជំនួយនេះ ធ្វើឡើងក្នុងបរិបទដែលប្រជានេសាទត្រូវផ្អាកសកម្មភាពនេសាទជាបណ្តោះអាសន្ន ដោយសាររដូវត្រីពងកូន ខណៈការរក្សាធនធានមច្ឆជាតិនៅពេលនេះ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់សម្រាប់ធានាផលនេសាទរបស់ប្រជាពលរដ្ឋនៅពេលរដូវនេសាទបើកឡើងវិញ។

