បាត់ដំបង៖ ប្រជាពលរដ្ឋជាង១០០នាក់ ដែលរស់នៅតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកសំពៅលូន និងស្រុកសំឡូត ខេត្តបាត់ដំបង បានទទួលការផ្សព្វផ្សាយអំពីហានិភ័យនៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឥរិយាបថសុវត្ថិភាព ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងការថែរក្សាសុខភាពសហគមន៍។ ការផ្សព្វផ្សាយនេះធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៦ ដោយមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំពៅលូន និងស្រុកសំឡូត នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន និងភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត។

វគ្គផ្សព្វផ្សាយនេះ មានការចូលរួមពីមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងលោក គង់ វង្សសីហ៍វិសាល ប្រធានការិយាល័យអប់រំផ្សព្វផ្សាយពីមីន និងស្តារទំនាក់ទំនងគ្រួសារ នៃនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងគោលបំណងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រឈម ឱ្យចេះការពារខ្លួនពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងដឹងពីវិធីប្រតិបត្តិឱ្យមានសុវត្ថិភាពនៅពេលជួបប្រទះវត្ថុសង្ស័យ។

ក្រុមការងារបានលើកឡើងថា ទោះបីកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិល និងទទួលបានសន្តិភាពពេញលេញក៏ដោយ ផលវិបាកបន្សល់ទុកពីសង្គ្រាម ដូចជាគ្រាប់មីន និងសំណល់ជាតិផ្ទុះ នៅតែអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្តាស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ដែលតំបន់មួយចំនួនធ្លាប់ជាទីតាំងសមរភូមិសង្គ្រាម។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏ត្រូវបានផ្តល់ចំណេះដឹងអំពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ដើម្បីជៀសវាងការបោកបញ្ឆោត និងហានិភ័យផ្សេងៗដែលអាចកើតមានក្នុងពេលធ្វើដំណើរទៅរកការងារនៅទីកន្លែងផ្សេង។ ក្រៅពីនេះ មន្ត្រីប៉ុស្តិ៍នគរបាលឃុំ និងមណ្ឌលសុខភាពក្នុងតំបន់គោលដៅ បានបញ្ជ្រាបសារអប់រំអំពីភូមិ-ឃុំមានសុវត្ថិភាព ការបង្ការ និងទប់ស្កាត់គ្រឿងញៀន ព្រមទាំងការការពារជំងឺគ្រុនឈាម តាមរយៈការអនុវត្តវិធានការ «៣កុំ ៣បំបាត់» និងការលុបបំបាត់ជម្រកបង្កាត់ពូជមូសខ្លា។

ក្រុមការងារបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមរក្សាបរិស្ថានស្អាត និងលុបបំបាត់ប្រភពមូសខ្លា ព្រោះការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម មិនមែនជាកាតព្វកិច្ចរបស់វិស័យសុខាភិបាលតែម្នាក់ឯងទេ ប៉ុន្តែត្រូវការការចូលរួមពីអាជ្ញាធរ សហគមន៍ គ្រួសារ និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីការពារសុខភាពរបស់កុមារ និងសហគមន៍ទាំងមូល។

