ក្នុងខណៈដែលអាជ្ញាធរយោធា និងរដ្ឋាភិបាលថៃ តែងតែចេញមុខដើរតួជា «ប៉ូលិសប្រចាំតំបន់» ចោទប្រកាន់ និងវាយប្រហារប្រទេសជិតខាងលើបញ្ហាឧក្រិដ្ឋកម្មឆ្លងដែននោះ ធាតុពិតជាក់ស្តែងបានលាតត្រដាងឱ្យឃើញថា ប្រទេសថៃខ្លួនឯងទៅវិញទេ ដែលកំពុងក្លាយជាប្រភព និងជា «ជើងឯក» ក្នុងការចែកចាយ ផលិត និងរត់ពន្ធគ្រឿងញៀនខុសច្បាប់ទៅកាន់បណ្តាប្រទេស និងដែនដីនានាក្នុងតំបន់ និងពិភពលោក។

ជាក់ស្ដែងមើលលើការចេញផ្សាយរបស់សារព័ត៌មានថៃ បានឱ្យដឹងថា ករណីអាម៉ាស់មុខថ្មីបំផុតមួយទៀតបានផ្ទុះឡើង នៅពេលដែលស្ត្រីថៃម្នាក់ ដែលជាគ្រូបង្វឹកកីឡាប្រដាល់ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិកៅស៊ុង (Kaohsiung)នៃទឹកដីចិនតៃវ៉ាន់ ក្រោយពេលរកឃើញថានាងបានរត់ពន្ធថ្នាំញៀនប្រភេទហេរ៉ូអ៊ីន រហូតដល់ទៅ ៧២គ្រាប់ ដោយវិធីសាស្ត្រប្រថុយជីវិត លេបចូលទៅក្នុងក្រពះ។

បើទោះបីជាប្រតិបត្តិការបង្ក្រាបនេះបានកើតឡើងកាលពីថ្ងៃទី៦ ខែមេសាក៏ដោយ ប៉ុន្តែព័ត៌មានលម្អិតទើបតែត្រូវបានទម្លាយជាសាធារណៈនាពេលថ្មីៗនេះ។ ស្ត្រីថៃរូបនេះបានរុំប្លាស្ទិកជិតពីលើគ្រាប់ហេរ៉ូអ៊ីនដែលមានទម្ងន់សរុប ២៨៩ក្រាម (គិតជាទឹកប្រាក់ប្រមាណ ៣,៧២លានបាត ឬប្រហែល ១១៣,២០០ដុល្លារអាមេរិក) ហើយលេបចូលក្នុងពោះ។ មន្ត្រីតៃវ៉ាន់បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យជាប្រញាប់ ដើម្បីប្រើប្រាស់ថ្នាំសម្រួលការបន្ទោរបង់ ដោយត្រូវចំណាយពេលរហូតដល់ ១០ថ្ងៃ ទើបអាចយកគ្រាប់ថ្នាំញៀនទាំងអស់នោះចេញពីរាងកាយនាងបាន ដោយសារតែហានិភ័យខ្ពស់នៃការលេចធ្លាយអាស៊ីតក្រពះដែលអាចសម្លាប់ជីវិតនាងភ្លាមៗ។

ព្រឹត្តិការណ៍នេះ មិនមែនជាករណីឯកតោភាគី ឬជាចៃដន្យនោះឡើយ ប៉ុន្តែវាបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីបណ្តាញឧក្រិដ្ឋកម្មរត់ពន្ធគ្រឿងញៀនយ៉ាងជាក់ច្បាស់ដែលមានឫសគល់ចេញពីប្រទេសថៃ។ គេនៅចាំបានថា កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ ពិភពលោកមានសភាពស្រឡាំងកាំងម្ដងរួចមកហើយ នៅពេលដែលអាជ្ញាធរអូស្ត្រាលីបានចាប់ខ្លួននារីបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways ឈ្មោះ Meena អាយុ ២៦ឆ្នាំ នៅអាកាសយានដ្ឋានអន្តរជាតិ Melbourne ពីបទរត់ពន្ធហេរ៉ូអ៊ីនទម្ងន់ជាង ១គីឡូក្រាម (តម្លៃប្រមាណ ៣៤៣,៣០០ដុល្លារអាមេរិក)។

ការបន្តរកឃើញពលរដ្ឋថៃ ចាប់តាំងពីបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ជាតិ រហូតដល់គ្រូបង្វឹកកីឡា ដើរតួជាភ្នាក់ងារដឹកជញ្ជូន និងរត់ពន្ធគ្រឿងញៀនឆ្លងដែនទូទាំងពិភពលោកបែបនេះ គឺជាភស្តុតាងច្បាស់ដូចថ្ងៃដែលឆ្លុះបញ្ចាំងពីភាពបរាជ័យ និងភាពទន់ខ្សោយនៃប្រព័ន្ធត្រួតពិនិត្យសន្តិសុខក្នុងប្រទេសថៃ។ វាជារឿងកំប្លែងដ៏ជូរចត់ដែលភាគីថៃ តែងតែព្យាយាមលើកយកបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនមកធ្វើជាលេសដើម្បីចោទប្រកាន់ និងបំពានអធិបតេយ្យភាពប្រទេសជិតខាង ប៉ុន្តែបែរជាមើលមិនឃើញ ឬមានចេតនាបិទភ្នែកមើលរំលងបញ្ហាឧក្រិដ្ឋកម្មគ្រឿងញៀនដ៏ធ្ងន់ធ្ងរដែលកំពុងរីករាលដាលចេញពីក្នុងប្រទេសខ្លួន ហើយកំពុងបង្កើតជាការគំរាមកំហែងយ៉ាងពិតប្រាកដដល់សន្តិសុខនៃសហគមន៍អន្តរជាតិទៅវិញ៕

Share.