រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានចេញផ្សាយសារនយោបាយ និងមនុស្សធម៌ដ៏មានទម្ងន់មួយ ដោយបានគូសបញ្ជាក់ថា វិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ មិនមែនត្រឹមជាបញ្ហាខ្សែបន្ទាត់លើផែនទី ឬការបោះបង្គោលព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរដែលប៉ះពាល់ដល់ជីវិត ផ្ទះសម្បែង និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ដែលត្រូវបង្ខំចិត្តភៀសខ្លួនដោយសារអំពើឈ្លានពានប្រដាប់អាវុធរបស់យោធាថៃកាលពីឆ្នាំ២០២៥។

នៅក្នុងសាររបស់ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចនូវអង្គហេតុ និងចំណុចគន្លឹះសំខាន់ៗចំនួន ៤ ដែលសហគមន៍អន្តរជាតិ និងភាគីថៃត្រូវតែប្រឈមមុខដោះស្រាយដោយជៀសមិនរួច៖
១. ផលប៉ះពាល់បំផ្លិចបំផ្លាញលើជនស៊ីវិលពីអំពើឈ្លានពានរបស់ថៃ
ការប្រយុទ្ធ ការបាញ់ផ្លោង និងការទម្លាក់គ្រាប់បែកពីសំណាក់យោធាថៃ នៅតាមបណ្តោយព្រំដែនក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ ក្នុងឆ្នាំ២០២៥ បានបង្កឱ្យមានមនុស្សស្លាប់ និងរបួស សាលារៀន វត្តអារាម និងមណ្ឌលសុខភាពត្រូវបានខូចខាត ព្រមទាំងបង្ខំឱ្យប្រជាពលរដ្ឋកម្ពុជារហូតដល់ប្រមាណ ៦៥០,០០០នាក់ ត្រូវផ្លាស់ទីលំនៅ។ ការវាយប្រហារដោយមិនរើសមុខលើទ្រព្យសម្បត្តិ និងជនស៊ីវិលបែបនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ដែលទាមទារឱ្យមានការកត់ត្រា និងវាយប្រហារជាភស្តុតាងច្បាស់លាស់។
២. ការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសិទ្ធិវិលត្រឡប់ទៅផ្ទះសម្បែង
ទោះបីជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងមានចំណុចទី៤ នៃសេចក្តីថ្លែងការណ៍រួម GBC ដែលតម្រូវឱ្យភាគីទាំងពីរសម្រួលឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់នៅតែមិនអាចត្រឡប់ទៅផ្ទះ និងដីស្រែរបស់ខ្លួនបាន។ ថៃនៅតែបន្តដាក់កុងតឺន័រ បន្លាលួស និងលារបាំងយោធានៅលើដីអធិបតេយ្យរបស់កម្ពុជា ដែលជារបាំងរារាំងសិទ្ធិរស់រានមានជីវិតជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

៣. ការអន្តរាគមន៍ពីអង្គការសហប្រជាជាតិ និងភាពស្របច្បាប់នៃដែនដី
ក្នុងដំណើរទស្សនកិច្ចកាលពីខែកក្កដា ឆ្នាំ២០២៦ លោក Tomas Andrews (ថូម៉ាស អេនឌ្រូស) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការវិលត្រឡប់ទៅផ្ទះរបស់ជនភៀសសឹក គឺជាបញ្ហាសិទ្ធិមនុស្ស សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ មិនមែនត្រឹមជាល្បែងនយោបាយឡើយ។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្លាំងយោធាដើម្បីគ្រប់គ្រងដីជាក់ស្តែង មិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់បានឡើយ «បន្លាលួសមិនអាចគូរព្រំដែនថ្មី ហើយកុងតឺន័រក៏មិនអាចបង្កើតអធិបតេយ្យភាពបានដែរ»។
៤. យោធាថៃត្រូវទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ

ប្រមុខក្រសួងព័ត៌មានកម្ពុជា បានធ្វើការសន្និដ្ឋានយ៉ាងម៉ឺងម៉ាត់ថា បទឈប់បាញ់អាចបញ្ឈប់គ្រាប់កាំភ្លើងបាន ប៉ុន្តែមិនអាចលុបបំបាត់ការទទួលខុសត្រូវផ្លូវច្បាប់របស់យោធាថៃចំពោះអំពើល្មើសច្បាប់អន្តរជាតិបានឡើយ។ សន្តិភាពពិតប្រាកដមិនមែនជាពាក្យពេចន៍នៅលើក្រដាសសេចក្តីថ្លែងការណ៍នោះទេ ប៉ុន្តែជាសមត្ថភាពរបស់ម្តាយក្នុងការនាំកូនត្រឡប់ទៅផ្ទះ កុមារបានចូលរៀន និងកសិករបានត្រឡប់ទៅធ្វើស្រែចម្ការដោយគ្មានការភ័យខ្លាច។
ដរាបណាប្រជាពលរដ្ឋខ្មែរមិនទាន់បានត្រឡប់ទៅកាន់ផ្ទះសម្បែង និងដីធ្លីដូនតារបស់ខ្លួនវិញ ហើយសំណួរអំពីការទទួលខុសត្រូវលើការខូចខាតរបស់ជនស៊ីវិលមិនទាន់បានដោះស្រាយ នោះវិបត្តិព្រំដែននេះមិនទាន់បញ្ចប់ឡើយ ហើយកម្ពុជានឹងបន្តទាមទារយុត្តិធម៌ស្វែងរកការទទួលខុសត្រូវតាមយន្តការច្បាប់អន្តរជាតិជាដរាប៕
