រតនគិរី៖ កាកបាទក្រហមកម្ពុជាស្រុកវើនសៃ បានពង្រឹងរចនាសម្ព័ន្ធការងារមនុស្សធម៌នៅមូលដ្ឋាន តាមរយៈការទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខាស្រុក និងក្រុមកាកបាទក្រហមទាំង៩ឃុំ ដើម្បីធ្វើឱ្យការជួយសង្គ្រោះប្រជាពលរដ្ឋទីទាល់ក្រ និងជនងាយរងគ្រោះ អាចប្រព្រឹត្តទៅបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព។

ការប្រកាសទទួលស្គាល់សមាសភាពនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកវើនសៃ ក្រោមអធិបតីភាពឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

តាមរចនាសម្ព័ន្ធថ្មីនេះ ក្រុមកាកបាទក្រហមត្រូវបានរៀបចំឱ្យមាននៅតាមឃុំទាំង៩ នៃស្រុកវើនសៃ ដែលនឹងក្លាយជាកម្លាំងនៅជិតប្រជាពលរដ្ឋបំផុត ជាពិសេសនៅពេលមានគ្រោះមហន្តរាយ ឬប្រជាពលរដ្ឋជួបការលំបាក និងត្រូវការជំនួយបន្ទាន់។

ក្នុងពិធីនេះ អនុសាខាកាកបាទក្រហមស្រុកវើនសៃ ក៏បានរំលឹកពីសកម្មភាពមនុស្សធម៌ដែលបានអនុវត្តកន្លងមក រួមមានការកៀរគរមូលនិធិ និងការចុះសួរសុខទុក្ខ ជួយឧបត្ថម្ភប្រជាពលរដ្ឋទីទាល់ក្រ និងជនងាយរងគ្រោះ ដោយសហការជាមួយសាខាកាកបាទក្រហមខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ។

ឯកឧត្តម ឌុច ចាន់តូ បានកោតសរសើរចំពោះសកម្មភាពមនុស្សធម៌របស់អនុសាខាកាកបាទក្រហមស្រុកវើនសៃ និងបានអបអរសាទរចំពោះសមាសភាពថ្មីដែលទទួលបានការទទួលស្គាល់សម្រាប់អាណត្តិទី៦។ លោកបានលើកឡើងថា ការមានក្រុមកាកបាទក្រហមនៅគ្រប់ឃុំ នឹងជួយឱ្យការងារមនុស្សធម៌នៅមូលដ្ឋានមានភាពជិតស្និទ្ធ និងអាចធ្វើអន្តរាគមន៍បានកាន់តែទាន់ពេល នៅពេលមានបញ្ហាកើតឡើង។

ការពង្រឹងក្រុមកាកបាទក្រហមនៅតាមឃុំទាំង៩ ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃការធ្វើឱ្យការងារមនុស្សធម៌ឈានទៅដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយបានកាន់តែទូលំទូលាយ ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និងមិនទុកនរណាម្នាក់ចោល»។

Share.