ខេត្តព្រះវិហារ៖ ហ្វូងដំរីព្រៃមួយហ្វូងមានចំនួន ៦ក្បាល ក្នុងនោះមានកូនដំរីតូច ១ក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញធ្វើដំណើរចូលមកក្បែរតំបន់ភូមិអ្នកស្រុក ក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ខណៈក្រុមមន្ត្រីជំនាញ និងអង្គការដៃគូ កំពុងបន្តតាមដាន និងឃ្លាំមើលយ៉ាងជិតស្និទ្ធ ដើម្បីធានាសុវត្ថិភាពទាំងប្រជាពលរដ្ឋ និងសត្វដំរីព្រៃ។




ក្រុមការងារមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយមន្ត្រីជំនាញមកពីអង្គការ WCS និងរដ្ឋបាលស្រុកត្បែងមានជ័យ បានចាប់ផ្តើមតាមដានដំណើរ និងទីតាំងស្នាក់នៅរបស់ហ្វូងដំរីព្រៃនេះ តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ រហូតមកដល់ពេលនេះ។
តាមការត្រួតពិនិត្យជាក់ស្តែង ក្រុមការងារបានប្រើប្រាស់បច្ចេកវិទ្យាដ្រូន ដើម្បីស្វែងរក និងឃ្លាំមើលទីតាំងហ្វូងដំរី ដោយរកឃើញថា ពួកវាកំពុងស្ថិតនៅតំបន់ព្រៃកែង ស្រោងស្រឡៅ ក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ និងមានចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីភូមិប្រជាពលរដ្ឋ។
មន្ត្រីជំនាញបានបញ្ជាក់ថា ហ្វូងដំរីព្រៃខាងលើ កំពុងធ្វើដំណើរ និងរស់នៅក្នុងតំបន់អូរស្រោងស្រឡៅ ដោយមិនទាន់បង្កបញ្ហា ឬគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ។ ទោះជាយ៉ាងណា កន្លងមកមានប្រជាពលរដ្ឋមួយចំនួនបានបង្ហាញការព្រួយបារម្ភ ពាក់ព័ន្ធនឹងការអាចប៉ះពាល់ដល់ដំណាំកសិកម្មនៅតំបន់ក្បែរនោះ។


ដោយឡែក ក្រុមការងារបាន និងកំពុងចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះ ឱ្យយល់ដឹងពីការរស់នៅរួមគ្នាជាមួយសត្វព្រៃ ចូលរួមការពារ និងអភិរក្ស ព្រមទាំងជៀសវាងការបរបាញ់ ឬបង្កជម្លោះជាមួយសត្វដំរីព្រៃ ដែលជាប្រភេទសត្វកម្រជិតផុតពូជ។សូមបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវ ដំរីព្រៃនៅក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ត្រូវបានប៉ាន់ប្រមាណថា មានចន្លោះពី ១៥ ទៅ ២០ក្បាល។
ចំណែកនៅតាមតំបន់ការពារធម្មជាតិនានាទូទាំងប្រទេសកម្ពុជា តាមទិន្នន័យស្រាវជ្រាវរបស់មន្ត្រីជំនាញ ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ បានបង្ហាញថា ចំនួនដំរីអាស៊ី ឬដំរីព្រៃ មានប្រមាណចន្លោះពី ៤០០ ទៅ ៦០០ក្បាល។
វត្តមានហ្វូងដំរីព្រៃ និងកូនដំរីតូចៗជាបន្តបន្ទាប់ ត្រូវបានចាត់ទុកថា ជាសញ្ញាវិជ្ជមានមួយ បង្ហាញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សព្រៃឈើ ដែលជាជម្រករបស់សត្វដំរី ក៏ដូចជាការរួមចំណែកថែរក្សាប្រភេទសត្វដ៏កម្រនេះ ឱ្យបន្តមានវត្តមាននៅក្នុងធម្មជាតិរបស់កម្ពុជា៕
