មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ជាថ្មីអំពីជំហរនយោបាយការបរទេសដ៏រឹងមាំរបស់ខ្លួន ដោយអះអាងថា ទោះបីជាកម្ពុជាជាប្រទេសតូច ប៉ុន្តែមានភាពថ្លៃថ្នូរ មានសំឡេងស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ព្រមទាំងការឱ្យតម្លៃខ្ពស់បំផុតលើសន្តិភាព និងស្ថេរភាពនយោបាយ។

នៅក្នុងសន្និសីទសារព័ត៌មាននាទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ រៀបចំឡើងដើម្បីបូកសរុបសមិទ្ធផលរយៈពេល ៣ ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាស្គាល់យ៉ាងច្បាស់នូវតម្លៃនៃខ្លួនឯង និងតែងតែប្រកាន់ខ្ជាប់នូវជំហរស្មោះត្រង់ចំពោះរាល់កិច្ចព្រមព្រៀងទាំងឡាយណាដែលខ្លួនបានចុះហត្ថលេខា ឬនឹងត្រូវចុះហត្ថលេខា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
ឯកឧត្តមបានលើកឡើងថា កម្ពុជាមានបទពិសោធន៍ធំធេង និងធ្លាប់បានឆ្លងកាត់នូវមហាសោកនាដកម្មយ៉ាងជូរចត់ដែលបង្កឡើងដោយសង្គ្រាម។ អាស្រ័យហេតុនេះហើយ ទើបនៅក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិ និងសង្គ្រាមឆាបឆេះនៅតំបន់មួយចំនួន កម្ពុជាបានចាត់ទុកការរក្សា និងការពារសន្តិភាព ព្រមទាំងស្ថេរភាពនយោបាយ ជាអាទិភាពកំពូលបំផុតដែលមិនអាចកាត់ថ្លៃបានឡើយ។
ទាក់ទិននឹងការអនុវត្តនយោបាយការបរទេស ឯកឧត្តម សង់ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់បន្ថែមថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជាមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ក៏ប៉ុន្តែស្នូលនៃនយោបាយការបរទេសរបស់កម្ពុជាមិនមានការផ្លាស់ប្តូរឡើយ។ កម្ពុជានៅតែបន្តទាមទារឱ្យបរទេសគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពរបស់ខ្លួន ដោយប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសណាមួយ។ ទន្ទឹមនឹងនេះ កម្ពុជាបន្តអនុវត្តនយោបាយការបរទេសឯករាជ្យពេញលេញ ដោយផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍គ្រឹះនៃអាស៊ាន។
ជាចុងក្រោយ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ និងបង្កើតមិត្តភាពជាមួយគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក ដោយឈរលើគោលការណ៍ស្មើភាព និងការគោរពគ្នាទៅវិញទៅមក ដោយសារកម្ពុជាចង់បានតែមិត្តភក្តិ ហើយមិនចង់ធ្វើជាសត្រូវជាមួយប្រទេសណាមួយឡើយនៅលើឆាកអន្តរជាតិ៕
