ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបើកការស្រាវជ្រាវរហូតបំបែកសំណុំរឿងករណីបាញ់យុវជនម្នាក់បណ្តាលឱ្យស្លាប់នៅស្រុកបាទី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងបក្ខពួក ២នាក់ទៀត បានចូលសារភាពកំហុសជាបន្តបន្ទាប់។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល ០០៖៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ជនរងគ្រោះឈ្មោះ គីម វិច្ឆិកា ភេទប្រុស អាយុ ២១ឆ្នាំ បានរងរបួសក្នុងហេតុការណ៍ខាងលើ ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំនគរបាលជាតិ និងការដឹកនាំរបស់ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ បើកការស្រាវជ្រាវយ៉ាងសកម្ម រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យ។



រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈឹម ឌុន ភេទប្រុស អាយុ ៣៤ឆ្នាំ នៅតំបន់ព្រែកព្នៅ រាជធានីភ្នំពេញ។
បន្ទាប់មក នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បក្ខពួកជនសង្ស័យ ២នាក់ទៀត រួមមានយុវជនអាយុ ១៦ឆ្នាំ និងបុរសអាយុ ២០ឆ្នាំ បានចូលសារភាពនៅអធិការដ្ឋាននគរបាលស្រុកបាទី។



ក្នុងប្រតិបត្តិការស្រាវជ្រាវ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន អាវុធវែងប្រើគ្រាប់ប្រភេទវ៉ាងឡុង ១ដើម និងម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ឆ្នាំ២០១២។
តាមចម្លើយសារភាពប្រហាក់ប្រហែលគ្នារបស់ក្រុមជនសង្ស័យ ពួកគេបានទទួលស្គាល់ថា ពិតជាបានធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះប្រាកដមែន ដោយអះអាងថា មុនកើតហេតុមានការដេញ និងវាយប្រហារគ្នា រហូតឈានដល់កើតមានហេតុការណ៍នេះ។




បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីបន្តកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី៕
អត្ថបទ÷ សេង សាវី
