ព្រះវិហារ៖ សហគមន៍ព្រៃឈើចំនួន ១៤ មកពីខេត្តព្រះវិហារ និងខេត្តកំពង់ធំ បានចូលរួមទស្សនកិច្ចសិក្សានៅសហគមន៍តំបន់ការពារធម្មជាតិជាំពេន ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិ។

ទស្សនកិច្ចសិក្សានេះធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅសហគមន៍តំបន់ការពារធម្មជាតិជាំពេន ស្ថិតនៅភូមិបង្កើនផល ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការដឹកនាំពីលោកស្រី យន់ សេងហ័រ ប្រធានកម្មវិធីអភិបាលកិច្ចល្អ និងយេនឌ័រ នៃអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ព្រមទាំងមន្ត្រីជំនាញ និងតំណាងសហគមន៍ទាំង ១៤។

តាមការបញ្ជាក់ ការរៀបចំទស្សនកិច្ចនេះមានគោលបំណងផ្តល់ឱកាសដល់តំណាងសហគមន៍បានជួបពិភាក្សា ផ្លាស់ប្តូរចំណេះដឹង និងសិក្សាពីបទពិសោធន៍ជាក់ស្តែងរបស់សហគមន៍ជាំពេន ក្នុងការចូលរួមការពារ និងអភិរក្សព្រៃឈើ និងធនធានធម្មជាតិ ដើម្បីយកបទពិសោធន៍ល្អៗទៅអនុវត្តឱ្យសមស្របនឹងបរិបទសហគមន៍របស់ខ្លួន។

ក្នុងអំឡុងទស្សនកិច្ច អ្នកចូលរួមបានសិក្សាពីប្រវត្តិនៃការបង្កើតសហគមន៍ របៀបរៀបចំ និងគ្រប់គ្រងសហគមន៍ ការចូលរួមរបស់ប្រជាពលរដ្ឋ ព្រមទាំងការងារការពារព្រៃឈើ និងធនធានធម្មជាតិ។ ជាមួយគ្នានេះ ក៏មានការផ្លាស់ប្តូរបទពិសោធន៍អំពីបញ្ហាប្រឈម និងវិធីសាស្ត្រដែលសហគមន៍អាចយកទៅប្រើប្រាស់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារអភិរក្ស។

លោកស្រី យន់ សេងហ័រ បានលើកឡើងថា ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ គឺជាកត្តាសំខាន់សម្រាប់ធានានិរន្តរភាពរបស់សហគមន៍។ ដូច្នេះ ការផ្លាស់ប្តូរបទពិសោធន៍រវាងសហគមន៍ អាចជួយឱ្យសមាជិកសហគមន៍ស្វែងរកវិធីសាស្ត្រល្អៗ និងកែសម្រួលទៅតាមស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន។

សហគមន៍តំបន់ការពារធម្មជាតិជាំពេន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ និងទទួលស្គាល់ដោយក្រសួងបរិស្ថានក្នុងឆ្នាំ២០១០ លើផ្ទៃដីប្រមាណ ៣,៤២២ហិកតា មានសមាជិកចំនួន ២៣៤គ្រួសារ ស្មើនឹង ៨៧៤នាក់ ក្នុងនោះស្ត្រី ៤៥២នាក់ ហើយប្រមាណ ៩៥% ជាជនជាតិដើមភាគតិចកួយ។

សម្រាប់សហគមន៍ដែលចូលរួមទស្សនកិច្ច មានចំនួន ១៤សហគមន៍ ក្នុងនោះ ៨សហគមន៍មកពីខេត្តព្រះវិហារ និង ៦សហគមន៍មកពីខេត្តកំពង់ធំ។ ទស្សនកិច្ចនេះត្រូវបានរំពឹងថា នឹងជួយបង្កើនការយល់ដឹង ពង្រឹងកិច្ចសហការរវាងសហគមន៍ និងរួមចំណែកដល់ការគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព៕

អត្ថបទ៖ ឈិត សំបូរ

Share.