ភ្នំពេញ៖ កម្មការិនីរោងចក្រម្នាក់ ដែលមានអាការៈមិនប្រក្រតី និងមិនអាចនិយាយស្តាប់ដឹងខុសត្រូវ ត្រូវបានអាជ្ញាធរសង្កាត់ចោមចៅទី៣ ប្រកាសស្វែងរកក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីមកទទួលយកទៅថែទាំ និងព្យាបាល។


ហេតុការណ៍នេះត្រូវបានរាយការណ៍នៅវេលាម៉ោងប្រមាណ ៨យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមការឱ្យដឹង ស្ត្រីខាងលើមានវ័យជាង៤០ឆ្នាំ ជាកម្មការិនីរោងចក្រដេរសម្លៀកបំពាក់ និងកំពុងស្នាក់នៅបន្ទប់ជួលក្នុងតំបន់កើតហេតុ។ រយៈពេលប្រមាណ២ថ្ងៃមកនេះ ស្ត្រីរូបនេះមានអាការៈមិនប្រក្រតីខ្លាំងឡើង ដោយនិយាយមិនដឹងខុសត្រូវ ប្រមូលរបស់របរយកទៅបោះចោល ព្រមទាំងមិនទទួលទានអាហារ និងទឹក ហើយពុំមានសាច់ញាតិមកមើលថែ។
ដោយមានការព្រួយបារម្ភពីសុវត្ថិភាព និងសុខភាពរបស់ស្ត្រីរូបនេះ ប្រជាពលរដ្ឋនៅក្បែរខាងបានរាយការណ៍ទៅអាជ្ញាធរ ដើម្បីជួយអន្តរាគមន៍ និងស្វែងរកក្រុមគ្រួសារ។
តាមឯកសារដែលមាន ស្ត្រីខាងលើមានស្រុកកំណើតនៅ ភូមិត្បែង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ប៉ុន្តែបច្ចុប្បន្នមិនទាន់មានសាច់ញាតិមកទទួលយក និងថែទាំនៅឡើយ។
អាជ្ញាធរសង្កាត់ចោមចៅទី៣ បានអំពាវនាវដល់ក្រុមគ្រួសារ សាច់ញាតិ ឬបងប្អូនដែលបានស្គាល់ស្ត្រីរូបនេះ ឱ្យមកទាក់ទង និងទទួលយកទៅថែទាំ ឬនាំទៅទទួលការព្យាបាលឱ្យបានឆាប់ ដើម្បីធានាសុវត្ថិភាព និងសុខភាពរបស់គាត់៕
អត្ថបទ៖ តាតុងសែនជ័យ
