កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។


ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១និង២០នាទី នៅចំណុចភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច អនុវត្តតាមបទបញ្ជារបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ លន់ វិង ភេទប្រុស អាយុ២៦ឆ្នាំ និងដកហូតម្សៅក្រាមពណ៌សថ្លា១កញ្ចប់មធ្យម សង្ស័យជាសារធាតុញៀន និងទូរស័ព្ទដៃ១គ្រឿង។
តាមសមត្ថកិច្ច ជនសង្ស័យរូបនេះមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤៤៨ ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅស្រុកភ្នំស្រួច។
ដោយឡែក ព្រះសីហនុ៖ នៅថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក៏បានចុះបង្ក្រាបទីតាំងមួយកន្លែង ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅអគារទុកចោលខាងក្រោយចំណោតលោកយាយម៉ៅ ឃ្លាំងលើ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។





ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ ៣៩នាក់ ក្នុងនោះស្រី៥នាក់ និងដកហូតវត្ថុតាងមួយចំនួន រួមមាន ម្សៅក្រាមសថ្លា៦៨កញ្ចប់ ទម្ងន់៣៧៩,៨ក្រាមទាំងសម្បក ថ្នាំគ្រាប់ពណ៌ក្រហម៧គ្រាប់ បារីអេឡិចត្រូនិច១ដើម ដែកកេះ១០ ខ្សៀ៣៤ ដបជក់៨ ជញ្ជីង១ ម៉ូតូ៧គ្រឿង ទូរស័ព្ទ២៥គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់សារធាតុញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យនៅកំពង់ស្ពឺ និងព្រះសីហនុ រួមទាំងវត្ថុតាង ត្រូវបាននាំយកទៅកាន់អង្គភាពជំនាញរៀងៗខ្លួន ដើម្បីសាកសួរ និងបន្តនីតិវិធី៕
អត្ថបទ៖ ចតុម្មុខ
