នៅក្នុងជំហានវាយបកយ៉ាងចាស់ដៃ និងប្រកបដោយតថភាពផ្លូវច្បាប់ដ៏រឹងមាំ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានចេញមកទម្លាយនូវការពិតរៀបរាប់ពីអង្គហេតុនៅលើដី និងបានដេញដោលចំៗទៅកាន់មជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) ជុំវិញការបន្តបង្កើតនិទានកថាបោកប្រាស់សាធារណមតិ និងសម្តែងខ្លួនជាជនរងគ្រោះ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការបដិសេធដោយពាក្យសម្តី និងវោហាសាស្ត្រមុខមីក្រូហ្វូនរបស់ថៃ មិនអាចលុបបាត់នូវភស្តុតាង និងអង្គហេតុនៃសកម្មភាពឈ្លានពានរបស់យោធាថៃ ដែលកំពុងមានវត្តមានជាក់ស្តែងនៅលើទឹកដីរបស់កម្ពុជានោះឡើយ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានរំលឹកឡើងវិញថា សង្គ្រាមឈ្លានពានដែលបង្កឡើងដោយការបើកការបាញ់ប្រហារមុនពីសំណាក់យោធាថៃ កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ មិនត្រឹមតែបានបន្សល់ទុកនូវការបាត់បង់ជីវិត ការបំផ្លិចបំផ្លាញផ្ទះសម្បែង វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ខំឱ្យប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០,០០០ នាក់ផ្លាស់ទីលំនៅ។ រហូតមកដល់ពេលនេះ ជនភៀសសឹកប្រមាណ ២០,០០០ នាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋាន និងដីធ្លីរបស់ខ្លួនវិញបាននៅឡើយ ដោយសារតែយោធាថៃនៅតែបន្តរំលោភលើស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។
នៅក្នុងការដេញដោលយ៉ាងក្តៅគគុកប្រកបដោយហេតុផលផ្លូវច្បាប់ ឯកឧត្តម នេត្រ ភក្ត្រា បានចោទសួរនូវសំណួរគន្លឹះចំនួនពីរដែលស្ថាប័ន JIC របស់ថៃមិនអាចគេចវេះ ឬបង្វែរប្រធានបទបានថា៖ «បើថៃមិនបានឈ្លានពាន តើហេតុអ្វីមានអង្គហេតុនៃការកាន់កាប់នៅលើដី? ហើយបើថៃមិនមានបំណងកាន់កាប់ទឹកដីកម្ពុជា តើហេតុអ្វីមិនដកចេញ?»។ ឯកឧត្តមបានលាតត្រដាងថា ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏យោធាថៃនៅតែបន្តរៀបចំទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ សាងសង់ផ្លូវ និងបង្កើតទីតាំងយោធាថ្មីៗ ដើម្បីបង្កើត «ស្ថានភាពសម្រេចរួចរាល់» ឬ fait accompli នៅលើដីកម្ពុជា ដែលមានមូលដ្ឋានផែនទី និងឯកសារច្បាប់អន្តរជាតិគាំទ្រយ៉ាងច្បាស់លាស់។

កាន់តែច្បាស់ដៃជាងនេះទៅទៀត រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានលាតត្រដាងពីភាពផ្ទុយគ្នាយ៉ាងស្រឡះរវាងសម្តី និងទង្វើរបស់ថៃ ដោយបានសង្កត់ធ្ងន់លើគោលការណ៍គ្រឹះថា៖ កងទ័ពមិនមែនជា គណៈកម្មាធិការព្រំដែនរួម (JBC) ទេ។ កាំភ្លើងមិនមែនជាឧបករណ៍វាស់វែងព្រំដែនទេ។ ទូកុងតឺន័រមិនមែនជាបង្គោលព្រំដែនទេ។ លួសបន្លាមិនមែនជាខ្សែព្រំដែនអន្តរជាតិទេ។ ហើយការកាន់កាប់ដោយកម្លាំងយោធា ក៏មិនមែនជាភស្តុតាងនៃអធិបតេយ្យភាពនោះដែរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាបានពន្យល់ថា សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាកិច្ចព្រមព្រៀងបញ្ឈប់ការបាញ់ប្រហារដើម្បីរក្សាសន្តិភាព និងបើកផ្លូវឱ្យប្រជាពលរដ្ឋត្រឡប់ទៅផ្ទះសម្បែងវិញ មិនមែនជាឯកសារផ្ទេរអធិបតេយ្យភាព ឬជាការគូសផែនទីថ្មីតាមចិត្តចង់របស់ថៃនោះទេ។ ការគ្រប់គ្រងជាក់ស្តែងដោយកម្លាំងអាវុធ និងអធិបតេយ្យភាពស្របច្បាប់ ជារឿងពីរខុសគ្នាទាំងស្រុង ហើយការបំពានយកកម្លាំងយោធាមកជាន់ឈ្លី មិនអាចបង្កើតសិទ្ធិអធិបតេយ្យភាពស្របច្បាប់លើទឹកដីអ្នកដទៃបានឡើយ។

ជាការបញ្ចប់ ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ៗថា បើថៃពិតជាប្រកាន់ជំហរថាខ្លួន «មិនឈ្លានពាន មិនកាន់កាប់ និងមិនចង់បានទឹកដីកម្ពុជា» នោះ ថៃមិនចាំបាច់ចេញសេចក្តីថ្លែងការណ៍វែងឆ្ងាយដើម្បីដោះសារមុខមីក្រូហ្វូនទៀតទេ ប៉ុន្តែត្រូវបង្ហាញដោយសកម្មភាពជាក់ស្តែងនៅលើដី គឺ៖ ដកកម្លាំង និងសម្ភារៈយោធាចេញពីដីកម្ពុជា ដកទូកុងតឺន័រ និងលួសបន្លា បញ្ឈប់ការបង្កើតស្ថានភាពសម្រេចរួចរាល់ អនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាត្រឡប់ទៅផ្ទះសម្បែង ទុកកិច្ចការស្ទង់វាស់វែងជូនយន្តការ JBC ហើយប្រគល់ទឹកដីដែលកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញជាបន្ទាន់៕
