កាត់ត្មណ្ឌូ៖ ក្រសួងការបរទេសនេប៉ាល់បានថ្លែងនាថ្ងៃសុក្រ ទី២៨ សីហា នេះថា ប្រទេសនេប៉ាល់មិនត្រូវការជំនួយពីបណ្តាប្រទេសផ្សេងទៀត ក្នុងការប្រតិបត្តិការស្វែងរក និងសង្គ្រោះឡើយ បន្ទាប់ពីគ្រោះទឹកជំនន់ភ្លាមៗបានបំផ្លិចបំផ្លាញទីក្រុងជាច្រើន។

លោក Lok Bahadur Chhetri អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់នាថ្ងៃសុក្រ នេះថា៖ «ការផ្តល់ជំនួយ គឺជារឿងធម្មតានោះទេ ប៉ុន្តែអាជ្ញាធរសន្តិសុខរបស់យើងកំពុងធ្វើប្រតិបត្តិការស្វែងរក និងសង្គ្រោះហើយ ដូច្នេះសម្រាប់ពេលនេះ យើងមិនទាន់ត្រូវការជំនួយបន្ថែមឡើយ»។

ការថ្លែងនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលនេប៉ាល់បានទទួលសំណើទាំងផ្លូវការ និងមិនផ្លូវការពីបណ្តាប្រទេស និងអង្គការនានា ដែលបំណងចង់បញ្ជូនក្រុមស្វែងរក និងសង្គ្រោះផ្ទាល់ខ្លួនមកជួយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Kathmandu Post ដោយផ្អែកលើសម្តីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសម្នាក់។ កាសែតនេប៉ាល់ដដែលបានបន្ថែមថា រដ្ឋាភិបាលបានឆ្លើយតបវិញថា ភ្នាក់ងារសន្តិសុខផ្ទាល់ខ្លួនរបស់នេប៉ាល់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំ និងគ្រប់គ្រងប្រតិបត្តិការនេះបាន។

សូមជម្រាបថា ក្នុងចំណោមប្រទេសដែលបានស្នើសុំបញ្ជូនក្រុមស្វែងរក និងសង្គ្រោះ រួមមានមន្ត្រីមកពីប្រទេសឥណ្ឌា ចិន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន កូរ៉េខាងត្បូង ស្រីលង្កា និងបង់ក្លាដែស។ ដោយឡែក ក្រសួងការបរទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ខ្លួននឹង «បន្តចរចាជាមួយនេប៉ាល់លើបញ្ហានេះ» បន្ថែមទៀត៕

ប្រភព៖ CNA

Share.