ត្បូងឃ្មុំ៖ កម្លាំងជលផល និងកម្លាំងចម្រុះ បានចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយរុះរើឧបករណ៍នេសាទខុសច្បាប់ជាច្រើន និងបានជួយសង្គ្រោះកូនត្រី និងវារីសត្វប្រមាណ ៥៥,០០០ក្បាល ឱ្យត្រឡប់ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ ដោយសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយកម្លាំងរដ្ឋបាលឃុំជីរោទិ៍ទី២ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងកម្លាំងយោធភូមិភាគទី២ ព្រមទាំងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។
កម្លាំងចម្រុះបានចុះប្រតិបត្តិការនៅតាមភូមិសាស្ត្រឃុំបឹងព្រួល ឃុំថ្មពេជ្រ និងឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ហើយបានរកឃើញ និងបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ រួមមាន លូស្បៃមុងចំនួន២២មាត់ របាំងស្បៃមុងប្រវែងប្រមាណ១,១០០ម៉ែត្រ និងបង្គោលចម្រឹងចំនួន៣៣០ដើម ត្រូវបាបរុះរើ និងបំផ្លាញចោលនៅនឹងកន្លែង ដើម្បីទប់ស្កាត់ការប្រើប្រាស់បន្ត និងកាត់បន្ថយការបំផ្លាញធនធានជលផលក្នុងដែនទឹកធម្មជាតិ។

ជាមួយគ្នានោះ សមត្ថកិច្ចបានប្រមូល និងចាក់លែងកូនត្រី និងវារីសត្វចម្រុះដែលជាប់ក្នុងឧបករណ៍នេសាទខុសច្បាប់ ឱ្យត្រឡប់ចូលទៅក្នុងដែនទឹកធម្មជាតិវិញ ដោយមានទម្ងន់សរុបប្រមាណ១០០គីឡូក្រាម ស្មើនឹងប្រមាណ៥៥,០០០ក្បាល។
សមត្ថកិច្ចបញ្ជាក់ថា ប្រតិបត្តិការនេះជាផ្នែកមួយនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ព្រមទាំងចូលរួមការពារ និងអភិរក្សធនធានជលផលធម្មជាតិ ដើម្បីធានាឱ្យធនធានទាំងនេះនៅតែមានសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងទទួលផលប្រយោជន៍ប្រកបដោយនិរន្តរភាព។

អត្ថបទ៖ ចតុម្មុខ
