ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋអាចរាយការណ៍អំពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬករណីសង្ស័យថាខ្លួនត្រូវបានគេក្លែងបន្លំបានកាន់តែងាយស្រួល តាមរយៈកម្មវិធីទូរស័ព្ទ «Kapea Scams» ដែលត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ឱ្យដំណើរការ។
កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់មធ្យោបាយឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អាចរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទៅកាន់សមត្ថកិច្ចជំនាញបានឆាប់រហ័ស ដើម្បីជួយឱ្យមានការចាត់វិធានការទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ថា «Kapea Scams» មិនត្រឹមតែជាមធ្យោបាយសម្រាប់ទទួលការរាយការណ៍ពីពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្តល់គន្លឹះ និងព័ត៌មានអប់រំសម្រាប់ការពារខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
លោកបានបញ្ជាក់ថា តាមរយៈកម្មវិធីនេះ ពលរដ្ឋអាចរាយការណ៍គ្រប់ករណីដែលសង្ស័យថាពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយព័ត៌មានដែលទទួលបាននឹងត្រូវបញ្ជូនទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីពិនិត្យ និងឈានទៅចាត់វិធានការបន្ទាន់តាមស្ថានភាពជាក់ស្តែង។
ជាពិសេស ប្រសិនបើសមត្ថកិច្ចកំណត់ឃើញថាលេខទូរស័ព្ទណាមួយពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬបទល្មើសផ្សេងៗ សមត្ថកិច្ចអាចចាត់វិធានការបិទការហៅចូលពីលេខនោះ (Block Call) ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានចំពោះប្រជាពលរដ្ឋផ្សេងទៀត។

បន្ថែមពីនេះ ទិន្នន័យដែលប្រមូលបានពីការរាយការណ៍របស់ប្រជាពលរដ្ឋ នឹងត្រូវយកមកវិភាគ និងប្រើប្រាស់ជាមូលដ្ឋានសម្រាប់ផ្សព្វផ្សាយសារអប់រំ និងដាស់តឿនតាមរយៈសារ SMS ព្រមទាំងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ដើម្បីចូលរួមការពារប្រជាពលរដ្ឋពីបទល្មើសឆបោកតាមអនឡាញ៕
អត្ថបទ៖កណ្តាល

