កំពង់ធំ៖ អភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងចូលរួមសកម្មក្នុងការលុបបំបាត់ជម្រកមូសខ្លា ដើម្បីកាត់ផ្តាច់ប្រភពកកើតមូស និងទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាម ជាពិសេសក្នុងរដូវភ្លៀងដែលហានិភ័យនៃជំងឺនេះកើនឡើង។ នេះបើតាមលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងដូច្នេះក្នុងឱកាសចុះសួរសុខទុក្ខអ្នកជំងឺ និងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

លោកបានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើអនាម័យជុំវិញផ្ទះ និងលុបបំបាត់កន្លែងដែលអាចក្លាយជាប្រភពកកើតមូសខ្លា ដោយត្រូវលាងសម្អាតពាង អាងទឹក ធុងស្តុកទឹក និងលូយ៉ាងហោចណាស់២ដងក្នុងមួយសប្តាហ៍ ព្រមទាំងគ្របគម្របធុង ឬពាងទឹកឱ្យបានជិត។ ចំពោះធុង ឬអាងទឹកដែលមិនអាចគ្របបាន អាចដាក់ថ្នាំអាបែតតាមការណែនាំរបស់មន្ត្រីសុខាភិបាល ឬចិញ្ចឹមត្រីក្រឹមដើម្បីស៊ីដង្កូវទឹក។ ជាមួយគ្នានេះ ត្រូវប្រមូល និងកម្ទេចចោលសំបកកង់ សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុផ្សេងៗដែលអាចដក់ទឹកបាននៅជុំវិញផ្ទះ។

លោកក៏បានរំលឹកថា មូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ច្រើនខាំមនុស្សនៅពេលថ្ងៃ ដូច្នេះប្រជាពលរដ្ឋគួរគេងក្នុងមុង ទាំងពេលថ្ងៃ និងពេលយប់ ពាក់អាវដៃវែង និងខោជើងវែង ជាពិសេសចំពោះកុមារ ព្រមទាំងប្រើប្រាស់ឡេ ឬថ្នាំបាញ់ដេញមូសតាមភាពសមស្រប។ ចំពោះករណីសង្ស័យថាមានជំងឺគ្រុនឈាម លោកបានណែនាំឱ្យប្រជាពលរដ្ឋប្រញាប់យកអ្នកជំងឺទៅពិនិត្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ប្រសិនបើមានរោគសញ្ញាដូចជា ក្តៅខ្លួនខ្លាំងភ្លាមៗ ឈឺក្បាល ឈឺត្របកភ្នែក ឈឺសាច់ដុំ ឬមានស្នាមអុចក្រហមលើស្បែក។

ជាមួយគ្នានេះ លោកបានជំរុញដល់អាជ្ញាធរឃុំឱ្យបន្តផ្សព្វផ្សាយអប់រំ និងធ្វើយុទ្ធនាការលុបបំបាត់ជម្រកមូសខ្លា ព្រមទាំងបង្ការជំងឺគ្រុនឈាមនៅតាមមូលដ្ឋានឱ្យបានជាប់ជាប្រចាំ។ ជាពិសេសលោកបានថ្លែងអំណរគុណដល់លោកឧកញ៉ា លីម ប៊ុនណ្ណា និងលោកជំទាវ ថុងធីតា ដែលបានឧបត្ថម្ភផ្លែក្រូចពោធិ៍សាត់ចំនួន៣០០ថង់ ដល់កុមារដែលកំពុងសម្រាកព្យាបាល និងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង ព្រមទាំងកោតសរសើរដល់បុគ្គលិកសុខាភិបាលដែលបានខិតខំបំពេញការងារ និងព្យាបាលអ្នកជំងឺប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ៕

អត្ថបទ៖កំពង់ធំ

Share.