កំពង់ធំ៖ ការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់តំបន់អូរចន្ទ្រាយ ដែលប្រជាពលរដ្ឋនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងប្រជាពលរដ្ឋមួយផ្នែកនៅស្រុករវៀង ខេត្តព្រះវិហារ បានជួបប្រទះអស់រយៈពេលជាច្រើនឆ្នាំ កំពុងឈានដល់ទីបញ្ចប់ ខណៈស្ពានថ្មីនៅតំបន់នេះបានស្ថាបនារួចរាល់ និងគ្រោងដាក់ឱ្យប្រើប្រាស់នៅចុងខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំសហការីចុះពិនិត្យមើលការស្ថាបនាផ្លូវ លូ និងស្ពាននៅតំបន់អូរចន្ទ្រាយ ស្ថិតក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោក លុន យ៉េន ប្រធានក្រុមប្រឹក្សាឃុំដងកាំបិត បានឱ្យដឹងថា កាលពីមុន នៅរដូវវស្សា ប្រជាពលរដ្ឋតំបន់នេះជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ ដោយត្រូវប្រើទូកតូចៗ ឬឆ្លងកាត់ស្ពានឫស្សីដែលប្រជាពលរដ្ឋធ្វើឡើងសម្រាប់ឆ្លងកាត់បានត្រឹមម៉ូតូ និងថ្មើរជើងប៉ុណ្ណោះ។ ប៉ុន្តែការស្ថាបនាស្ពានថ្មី និងផ្លូវតភ្ជាប់នៅតំបន់អូរចន្ទ្រាយ បានផ្តល់ក្តីសង្ឃឹមថ្មីដល់ប្រជាពលរដ្ឋ ដោយអាចធ្វើដំណើរបានងាយស្រួល និងមានសុវត្ថិភាពជាងមុន ព្រមទាំងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។
លោក មើក វណ្ណា ប្រធានការដ្ឋានវិស្វកម្មរបស់អង្គភាព១៧៨ បានបញ្ជាក់ថា ស្ពានអូរចន្ទ្រាយត្រូវបានស្ថាបនារួចរាល់ ហើយគ្រោងដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់នៅចុងខែកញ្ញា ឆ្នាំ២០២៦។ ស្ពាននេះអាចឱ្យរថយន្តដឹកទំនិញដែលមានទម្ងន់រហូតដល់២៥តោនធ្វើដំណើរឆ្លងកាត់បាន។

សម្រាប់ប្រជាពលរដ្ឋនៅតំបន់នេះ ការមានផ្លូវ និងស្ពានថ្មី មិនត្រឹមតែបញ្ចប់ការលំបាកក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបើកផ្លូវឱ្យការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារកាន់តែឆាប់រហ័ស និងអាចជំរុញសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋានផងដែរ។
បច្ចុប្បន្ន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅឃុំដងកាំបិតក៏កំពុងបន្ត ដោយផ្លូវនៅប៉ែកខាងកើតស្ទឹងសែនប្រវែងជាង២១គីឡូម៉ែត្រ ត្រូវបានស្ថាបនារួចរាល់ ខណៈផ្លូវប៉ែកខាងលិចស្ទឹងមានប្រវែងជាង១៩គីឡូម៉ែត្រ ក្នុងនោះផ្លូវក្នុងឃុំដងកាំបិតប្រវែង១១គីឡូម៉ែត្រ មានប្រវែងប្រមាណ៥គីឡូម៉ែត្របានសាងសង់រួច និងប្រមាណ៦គីឡូម៉ែត្រកំពុងស្ថាបនាបន្ត។

ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅឃុំដងកាំបិត ក៏មានមធ្យោបាយឆ្លងកាត់ដងស្ទឹងសែនកាន់តែងាយស្រួល តាមរយៈសាឡាងមួយគ្រឿងដែលត្រូវបានផ្តល់ជូនសម្រាប់បម្រើការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ចតុម្មុខ
