ការបះបោរបង្កអសន្ដិសុខរបស់ក្រុមទាមទារឯករាជ្យនៅភាគខាងត្បូងថៃ ដោយសារតែរដ្ឋាភិបាលមិនយកចិត្តទុកដាក់បណ្ដោយឱ្យសេដ្ឋកិច្ចដាំក្បាលចុះឬយ៉ាងណា? ក្នុងន័យនេះ តំបន់ភាគខាងត្បូងនៃប្រទេសថៃ មិនត្រឹមតែប្រឈមនឹងអសន្តិសុខជាប្រចាំប៉ុណ្ណោះទេ ប៉ុន្តែសេដ្ឋកិច្ចនៅទីនោះក៏កំពុងដាំក្បាលចុះយ៉ាងធ្ងន់ធ្ងរ។

ដើម្បីដោះស្រាយវិបត្តិនេះ រដ្ឋាភិបាលថៃ អនុទិន ២.០ បានផ្លាស់ប្តូរយុទ្ធសាស្ត្រដោយផ្អែកលើទស្សនៈ «យកការអភិវឌ្ឍ ជំនួសមុខឱ្យការប្រើប្រាស់អាវុធ» តាមរយៈការទម្លាក់កញ្ចប់ថវិកាបន្ទាន់ ៧៩២ លានបាត (លើ ២២ គម្រោង) និងរៀបចំកញ្ចប់ថវិកាជាង ១ ម៉ឺនលានបាតបន្ថែមទៀត សម្រាប់គម្រោងរយៈពេលមធ្យម និងវែង។

ទោះជាយ៉ាងណា សំណួរខ្សឹបខ្សៀវដ៏ក្តៅគគុកគឺ៖ តើរដ្ឋាភិបាលបានរៀនសូត្រពីមេរៀនបរាជ័យកន្លងមកហើយឬនៅ? ព្រោះគម្រោងអភិវឌ្ឍន៍ធំៗភាគច្រើនត្រូវបានបរាជ័យ ដោយរដ្ឋាភិបាលតែងតែទម្លាក់កំហុសលើ «បញ្ហាអសន្តិសុខ» ដោយមើលរំលងកត្តាបច្ចេកទេស និងរដ្ឋបាលពិតប្រាកដ។

បញ្ហាប្រឈម និងបរាជ័យនៃគម្រោងសំខាន់ៗដូចជា សួនឧស្សាហកម្មអាហារហាឡាល់ (ខេត្ត Pattani) បរាជ័យទាំងស្រុង រោងចក្រ Made in Pattani (ក្រុមហ៊ុន Superb Creation Furniture ក្ស័យធន។ គម្រោង «ត្រីកោណសេដ្ឋកិច្ច» ក្លាយជាទីក្រុងខ្មោច។ អាជីវកម្មធំៗដូចជា Global House, Big C, Lotus និង 7-Eleven ត្រូវរងការវាយប្រហារជា «ផ្ទាំងស៊ីប» ដោយ 7-Eleven រងការវាយប្រហាររាប់រយលើក ហើយ Big C Pattani ត្រូវរងការទម្លាក់គ្រាប់បែករហូតដល់ ៣ លើក។

សរុបមក វិបត្តិនៃការដួលរលំសេដ្ឋកិច្ចនៅភាគខាងត្បូងថៃ មិនមែនបណ្តាលមកពីបញ្ហាអសន្តិសុខតែមួយមុខនោះទេ។ វាក៏ជាផលវិបាកដែលកើតចេញពី បរាជ័យនៃយុទ្ធសាស្ត្ររដ្ឋ ការខ្វះការយល់ដឹងពីកត្តារបាំងពាណិជ្ជកម្ម/ដឹកជញ្ជូន ច្បាប់រដ្ឋបាលដ៏ស្មុគស្មាញ និងអសមត្ថភាពរបស់រដ្ឋក្នុងការការពារសុវត្ថិភាពអាជីវកម្មឯកជន ដែលធ្វើឱ្យថវិការាប់ម៉ឺនលានបាតត្រូវរលាយបាត់បង់ទៅវិញ។
