ញូវយ៉ក៖ ហេតុការណ៍ចាក់ប្រហារយ៉ាងរន្ធត់មួយបានកើតឡើងនៅតំបន់ Times Square ដែលជាទីតាំងទេសចរណ៍ដ៏ល្បីល្បាញនៃទីក្រុងញូវយ៉ក កាលពីថ្ងៃចន្ទ ទី៣១ ខែសីហា (ម៉ោងក្នុងស្រុក) ដោយស្ត្រីម្នាក់បានប្រើប្រាស់កាំបិតចាក់សម្លាប់មនុស្សម្នាក់ និងបង្កឱ្យម្នាក់ទៀតរងរបួស មុនពេលរូបនាងត្រូវប៉ូលិសបាញ់សម្លាប់។
អភិបាលក្រុងញូវយ៉ក លោក Zohran Mamdani បានប្រកាសពីការស្លាប់នេះនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយបានបន្ថែមថា ជនរងគ្រោះទី២ មានស្ថានភាពនឹងនរឡើងវិញហើយនៅក្នុងមន្ទីរពេទ្យ។

លោកស្រី Jessica Tisch ស្នងការនគរបាលទីក្រុងញូវយ៉ក បានឱ្យដឹងថា ជនបង្កត្រូវបានគេស្គាល់ឈ្មោះ Pamela Cisneros អាយុ ៤៩ឆ្នាំ រស់នៅក្នុងតំបន់ Queens និងមានប្រវត្តិមានបញ្ហាសុខភាពផ្លូវចិត្ត។ នាងបានដកកាំបិតចំនួន ២ ដើមចេញពីកាបូប រួចដើរគំរាមកំហែងអ្នកធ្វើដំណើរឆ្លងកាត់ទាំងកណ្តាលថ្ងៃត្រង់។

បន្ទាប់មក នាងបានចូលទៅជិតបុរសអាយុ ៦៨ឆ្នាំម្នាក់ ហើយចាក់ចំពោះរបស់គាត់។ ប្រហែល ២០វិនាទីក្រោយមក នាងបានប្រញាប់ប្រញាល់ទៅវាយប្រហារលើស្ត្រីម្នាក់ទៀត អាយុ ៣២ឆ្នាំ ដោយចាក់ចំពោះដូចគ្នា ប៉ុន្ដែមុខរបួសធ្ងន់ធ្ងរពេក ធ្វើឱ្យស្ត្រីរងគ្រោះបាត់បង់ជីវិតតែម្ដង។ ទាក់ទិននឹងអត្តសញ្ញាណរបស់ជនរងគ្រោះមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ ដើម្បីរង់ចាំការជូនដំណឹងទៅកាន់គ្រួសាររបស់ពួកគេជាមុនសិន។





អំឡុងពេលប្រតិបត្តិការបង្រ្កាប ប៉ូលីសបានចំណាយពេលប្រហែល ៤នាទី ដើម្បីព្យាយាមបញ្ចុះបញ្ចូល និងបានចេញបញ្ជាជាច្រើនលើកឱ្យជនបង្កទម្លាក់អាវុធចុះ ប៉ុន្តែនាងបានបដិសេធ នេះបើតាមស្នងការនគរបាលទីក្រុងញូវយ៉ក លោកស្រី Jessica Tisch។ លោកស្រីបានបន្ថែមថា៖ «ក្នុងអំឡុងពេលប្រឈមមុខដាក់គ្នា ស្រ្តីបង្កបាននិយាយទៅកាន់ប៉ូលិសថា «ខ្ញុំមិនទម្លាក់អ្វីទាំងអស់។ ខ្ញុំសុខចិត្តសម្លាប់អ្នកទាំងពីរវិញ»។

មន្ត្រីប៉ូលិសបានប្រើប្រាស់កាំភ្លើងឆក់ ដើម្បីទប់ស្កាត់រូបនាង ប៉ុន្តែមិនមានប្រសិទ្ធភាពឡើយ។ នៅពេលឃើញនាងស្ទុះសំដៅមកវាយប្រហារលើក្រុមមន្ត្រី ទើបប៉ូលិសបានសម្រេចចិត្តបាញ់ប្រហារដោយកាំភ្លើងខ្លីតែម្តង។ ជនសង្ស័យត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានប្រកាសថា បានបាត់បង់ជីវិតនៅពេលក្រោយ។
លោកស្រីស្នងការរូបនេះបានគូសបញ្ជាក់ថា៖ «នេះជាទង្វើដ៏គ្រោះថ្នាក់បំផុតដែលបានកើតឡើងនៅចំកណ្តាលតំបន់ Times Square ដែលជាផ្លូវឆ្លងកាត់ដ៏សំខាន់នៃពិភពលោក ដោយគ្រប់ពេលវេលា តែងតែមានប្រជាជនញូវយ៉ក អ្នកធ្វើដំណើរ ទេសចរ គ្រួសារ និងកម្មកររាប់ពាន់នាក់កំពុងធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនេះ»។ ជាមួយគ្នានេះដែរ អាជ្ញាធរបានអះអាងបន្ថែមថា ករណីនេះមិនមានពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ៕
