តាមរយៈសារព័ត៌មានថៃបានផ្សាយនាពេលថ្មីៗនេះឱ្យដឹងថា ការចាប់ខ្លួនយុវជនថៃ ដឹកជញ្ជូនគ្រឿងញៀនលានគ្រាប់ដែលមានតម្លៃរាប់លានបាតក្នុងរយៈពេលត្រឹម ១ ថ្ងៃ មិនត្រឹមតែជាប្រតិបត្តិការបង្ក្រាបបទល្មើសធម្មតានោះទេ ប៉ុន្តែវាបានបើកកាយយ៉ាងច្បាស់អំពីវិបត្តិសង្គម និងសេដ្ឋកិច្ចដ៏ស៊ីជម្រៅ ដែលកំពុងកៀបសង្កត់លើជោគវាសនា​​របស់យុវជនថៃជំនាន់ក្រោយ។

របាយការណ៍បង្រ្កាបគ្រឿងញៀនបន្តបន្ទាប់គ្នារបស់ប៉ូលិសថៃ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦ បានលាតត្រដាងនូវករណីធំៗចំនួន ២ ពីទំហំនៃមហន្តរាយគ្រឿងញៀនដែលកំពុងរាលដាលយ៉ាងពេញបន្ទុក ក្នុងនោះ៖

ករណីទី១ នៅខេត្ត​ Mukdahan ៖ ប៉ូលិសថៃបានឃាត់រថយន្តប៊ិកអាបមួយគ្រឿង និងចាប់ខ្លួនបក្សពួកចំនួន ៥ នាក់ រកឃើញថ្នាំញៀន (Ya Ba) ចំនួន ២០០,០០០ គ្រាប់ ព្រមទាំងថ្នាំញៀនប្រភេទថ្មី «Happy Water» ចំនួន ១០០ កញ្ចប់ ដែលកំពុងដឹកជញ្ជូនយ៉ាងជ្រួលច្របល់កណ្តាលអធ្រាត្រ។

ករណីទី២ នៅខេត្ត Maha Sarakham ៖ ប៉ូលិសថៃបានទម្លាយទីតាំងផ្ទះជួលមួយកន្លែង ចាប់ខ្លួនជនសង្ស័យអាយុ ២៦ ឆ្នាំម្នាក់ និងរឹបអូសបានថ្នាំញៀនរហូតដល់ ៥ លានគ្រាប់ (តម្លៃប្រមាណ ១៧០ លានបាត) ដែលត្រូវបានលាក់ទុកក្នុងរថយន្តប៊ិកអាប ដើម្បីត្រៀមចែកចាយបន្តទៅកាន់តំបន់ភាគកណ្តាលនៃប្រទេសថៃ។

សូមជម្រាបថា ការចាប់បានថ្នាំញៀនរាប់លានគ្រាប់ត្រឹមតែក្នុងថេរវេលាមួយថ្ងៃ មិនមែនជាស្នាដៃដែលត្រូវយកមកអួតអាងនោះទេ ប៉ុន្តែវាបានឆ្លុះបង្ហាញពីសញ្ញាអាសន្នដែលបានប្រកាសថា ប្រព័ន្ធទប់សង្កត់ និងយន្តការអនុវត្តច្បាប់របស់ថៃនៅមានចន្លោះប្រហោងយ៉ាងធំធេង ឬក៏អាចថាមានការបើកដៃពីក្រុមមានអំណាចនៅពីក្រោយខ្នង។

ដោយឡែក ប្រសិនបើអាជ្ញាធរថៃនៅតែមិនអាចទប់ស្កាត់ការហូរចូល និងការចែកចាយគ្រឿងញៀនរាប់លានគ្រាប់នៅក្នុងទឹកដីខ្លួនឯងបានទេ ថៃមិនត្រឹមតែបំផ្លាញអនាគតយុវជនខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងបង្កើតបន្ទុកសន្តិសុខដ៏ធ្ងន់ធ្ងរដល់ប្រទេសជិតខាង និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ៕

Share.