ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) បានដំណើរការប្រកួតជាងមួយខែមកហើយ ពោលគឺចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
ដោយបែងចែកជា ៥ ពូល ដោយមួយពូលមានចំនួន ៤ ក្រុម លើកលែងតែពូល ក មានតែចំនួន ៣ ក្រុមប៉ុណ្ណោះ ដែលរួមមាន សមាគមបាល់ទាត់ ភូមិបាលស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង, ក្លិបបាល់ទាត់ ព្រះវិហារក្រោន និងក្លិបបាល់ទាត់ អាចារ្យលាក់ ខេត្តកំពង់ធំ ហើយបច្ចុប្បន្នគឺស្ទឹងត្រែងជាក្រុមដែលឈរនៅកំពូលតារាង ក្រោយឆ្លងកាត់ចំនួន ២ប្រកួត។

ជាក្រុមដែលមានឈ្មោះគួរឱ្យចាប់អារម្មណ៍ រួមទាំងកីឡាករដែលមានបទពិសោធន៍ សមាគមបាល់ទាត់ ភូមិបាលស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង បានចាប់ផ្តើមការប្រកួតរបស់ខ្លួននៅលេខរៀងទី១ នៃរដូវកាលនេះ យកឈ្នះទៅលើក្លិបបាល់ទាត់ អាចារ្យលាក់ ខេត្តកំពង់ធំ ៣ គ្រាប់ ទល់និង ០។
ស្ទឹងត្រែងបានបន្តធ្វើដំណើរទៅទីលាន មណ្ឌលកីឡាខេត្តព្រះវិហារ កាលពីថ្ងៃទី៤ ខែសីហា ជាក្រុមភ្ញៀវដែលធ្វើការប្រកួតជាមួយក្លិបបាល់ទាត់ ព្រះវិហារក្រោន យ៉ាងស្វិតស្វាញក្រោមដំណក់ទឹកភ្លៀង រយៈពេល ៩០នាទី ពេញ បញ្ចប់ដោយការកើតឡើង ១ គ្រាប់ពីការទាត់បាល់ពិន័យ ១១ ម៉ែត្ររបស់ស្ទឹងត្រែង ធ្វើឱ្យស្ទឹងត្រែងបន្តក្តីសង្ឃឹមទៅវគ្គបន្ទាប់។ តើប្រកួតបន្ទាប់ខេត្តស្ទឹងត្រែងអាចបន្តឈ្នះទៀតបានដែរឬទេ?
គួរឱ្យដឹងផងដែរថានៅសប្តាហ៍នេះ ការប្រកួតពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន បានបន្តការប្រកួតសម្រាប់ពូល ក, ពូល ខ និងពូល គ ដោយក្នុងនោះថ្ងៃទី១ ខែកញ្ញា គឺអាចារ្យលាក់ ខេត្តកំពង់ធំ នឹងទទួលស្វាគមន៍ ខេត្តស្ទឹងត្រែង, ខេត្តសៀមរាប បើកទ្វារកីឡដ្ឋានស្វាយធំ ទទួលអ្នកជិតខាង បាត់ដំបង យូណៃធីត, ខេត្តតាកែវ នឹងរៀបចំកីឡដ្ឋានសម្រាប់ទទួល ភ្នំពេញហ្គាឡាក់ស៊ី។
នៅថ្ងៃទី២ ខែកញ្ញា ខេត្តបន្ទាយមានជ័យ ធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងរដូវកាលនេះ ទទួលអ្នកភូមិផងរបងជាមួយ ឧត្តរមានជ័យ និងខេត្តកណ្តាល បើកទ្វារស្វាគមន៍ ខេត្តកំពង់ស្ពឺ វេលាម៉ោង ១៥:៣០ នាទីរសៀលដំណាលគ្នា និងមានការផ្សាយផ្ទាល់ពី BTV ផងដែរ៕

