កំពង់ស្ពឺ៖ នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំការនៅការិយាល័យឧទ្យានជាតិគិរីរម្យ បានបន្តអនុវត្តវិធានការច្បាប់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយចុះរុះរើរោង និងតូបលក់ដូរ ដែលសាងសង់ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ នៅចំណុចរង្វង់មូលនាគព័ន្ធ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ»។



ក្នុងប្រតិបត្តិការនេះ មន្ត្រីឧទ្យានុរក្សបានរុះរើសំណង់សរុបចំនួន ០៣រោង ក្នុងនោះមានរោងធ្វើពីឈើមូល ប្រក់តង់ ទំហំ ៣x៤ម៉ែត្រ ចំនួន ០២រោង និងរោងធ្វើពីឈើមូល ប្រក់តង់ ទំហំ ២x៣ម៉ែត្រ ចំនួន ០១រោង ព្រមទាំងបន្ទប់ទឹកប្រក់ និងបាំងស័ង្កសី ទំហំ ២x២ម៉ែត្រ ចំនួន ០១។
ជាមួយគ្នានេះ មន្ត្រីប្រចាំការនៅឧទ្យានជាតិគិរីរម្យ ក៏បានបន្តចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនគ្រឿងសំណង់ និងសម្ភារៈផ្សេងៗ ឡើងទៅកាន់តំបន់ភ្នំ ដើម្បីការពារតំបន់ធម្មជាតិ និងទប់ស្កាត់ការសាងសង់ខុសច្បាប់៕
អត្ថបទ៖ ចតុម្មុខ
