មណ្ឌលគិរី៖ ឃុំចំនួន៤ ក្នុងស្រុកកែវសីមា បានទទួលរងជំនន់ទឹកភ្លៀង ខណៈផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ក្នុងក្រុងសែនមនោរម្យ រងការខូចខាតដោយសារភ្លៀង និងខ្យល់កន្ត្រាក់ កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។

តាមអាជ្ញាធរស្រុកកែវសីមា បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៥និង៣០នាទីព្រឹក ថ្ងៃទី១ ខែកញ្ញា មានភ្លៀង និងខ្យល់ធ្លាក់ស្ទើរទូទាំងខេត្តមណ្ឌលគិរី បណ្តាលឱ្យទឹកជន់លិចផ្លូវ និងប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋនៅតំបន់មួយចំនួន។

ឃុំចំនួន៤ ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង រួមមាន ឃុំស្រែខ្ទុម ឃុំស្រែឈូក ឃុំមេម៉ង់ និងឃុំចុងផ្លាស់។

ដោយឡែក នៅភូមិជ្រៃសែន ក្រុងសែនមនោរម្យ ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង បានរងការខូចខាត បាក់បែក និងរបើកដំបូល ដោយសារភ្លៀង និងខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

ក្រោយកើតមានគ្រោះធម្មជាតិ អាជ្ញាធរមូលដ្ឋាន និងខេត្ត បានចុះពិនិត្យតាមតំបន់ងាយរងគ្រោះ ដើម្បីតាមដានស្ថានភាព និងជួយសម្រួលដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់៕

អត្ថបទ៖ តាតុងសែនជ័យ

Share.