ភ្នំពេញ៖ ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តាមការគ្រោងទុក សមត្ថកិច្ចបានចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ដោយមានការផាកពិន័យចំពោះអ្នកប្រព្រឹត្តបទល្មើស នៅរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន ព្រះសីហនុ កំពង់ស្ពឺ កណ្តាល និងស្វាយរៀង។

ការរឹតបន្តឹងនេះធ្វើឡើងតាមសំណើរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានស្នើសុំគោលការណ៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ។

មូលហេតុសំខាន់ដែលនាំឱ្យមានការរឹតបន្តឹងឡើងវិញ គឺដោយសារក្នុងអំឡុងពេលផ្អាកការរឹតបន្តឹងច្បាប់ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងគួរឱ្យកត់សម្គាល់។ ត្រឹមឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍កើន២១៣លើក ស្មើ២០% បើធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥ ខណៈអ្នកស្លាប់កើន៧៩នាក់ ស្មើ១១% និងអ្នករបួសកើន៤៦៨នាក់ ស្មើ៣២%។

ក្នុងចំណោមមូលហេតុបង្កគ្រោះថ្នាក់ ការបើកបរហួសល្បឿនកំណត់មានភាគរយខ្ពស់ជាងគេ គឺ ៤៦% បន្ទាប់មកការមិនគោរពសិទ្ធិអាទិភាពមានចំនួន ២២% ការមិនប្រកាន់ស្តាំស្មើនឹង ១២% ការវ៉ាជែងមានចំនួន ៧% ការបើកបរមិនប្រយ័ត្ន ៦% និងការបើកបរក្នុងស្ថានភាពស្រវឹងមាន ៥%។

ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ នៅរាជធានី-ខេត្តទាំង៥ សមត្ថកិច្ចនឹងផ្តោតជាពិសេសលើបទល្មើសដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសិទ្ធិអាទិភាព និងភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងការដឹកជញ្ជូនទំនិញសំពីងសំពោងខុសបច្ចេកទេស។

តាមទិន្នន័យក្នុងសំណើ រាជធានីភ្នំពេញជាតំបន់ដែលមានគ្រោះថ្នាក់ច្រើនជាងគេ ចំនួន៤៦១លើក បន្ទាប់មកខេត្តព្រះសីហនុ៩២លើក ខេត្តកណ្តាល៧៥លើក ខេត្តកំពង់ស្ពឺ៥៧លើក និងខេត្តស្វាយរៀង៥៥លើក។

ជាមួយគ្នានេះ ការរឹតបន្តឹងច្បាប់ត្រូវបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អត្រាអ្នកស្លាប់ អ្នករបួស និងការខូចខាតទ្រព្យសម្បត្តិ ដោយជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់ និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលបើកបរ។

គួរដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង១២លើក បណ្តាលឱ្យមនុស្សស្លាប់៩នាក់ និងរបួស១០នាក់ ដោយមូលហេតុភាគច្រើនពាក់ព័ន្ធនឹងការស្រវឹង ល្បឿន មិនគោរពសិទ្ធិ និងការប្រជែង។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយ​នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ៕

Share.