ការកើនឡើងយ៉ាងកម្ដៅនៃអំពើហិង្សា និងភាពចលាចលនៅតាមបណ្ដាខេត្តភាគខាងត្បូងក្នុងពេលថ្មីៗនេះ បានបង្ខំឱ្យរដ្ឋាភិបាលថៃ ប្រញាប់ប្រញាល់ទាមទារឱ្យមានការរឹតបន្តឹង និងដំឡើងប្រព័ន្ធសន្តិសុខបន្ថែមនៅតាមរបងព្រំដែនជាប់ប្រទេសម៉ាឡេស៊ី ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងអំពើឧក្រិដ្ឋកម្មផ្សេងៗ។ តើការប្រញាប់ប្រញាល់ស្នើសុំបង្កើនរបងសន្តិសុខ និងកិច្ចសហប្រតិបត្តិការពីប្រទេសជិតខាងនៅពេលនេះ អាចជួយស្រោចស្រង់សន្តិសុខដែលកំពុងរង្គោះរង្គើ និងលុបបំបាត់ឫសគល់នៃបទល្មើសឆ្លងដែននៅភាគខាងត្បូងថៃបានដោយរបៀបណា?

តាមការផ្សាយរបស់សារព័ត៌មាន Khaosod របស់ថៃ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហស័ក្តិ ភួងកេតកែវ បានបញ្ជាក់ថា រដ្ឋាភិបាលថៃនឹងស្នើឱ្យរៀបចំប្រព័ន្ធសន្តិសុខបន្ថែមទៀត នៅលើរបងព្រំដែនថៃ-ម៉ាឡេស៊ីដែលមានស្រាប់។ វិធានការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងសន្តិសុខ ព្រមទាំងទប់ស្កាត់ការជួញដូរគ្រឿងញៀន ការរត់ពន្ធទំនិញ និងសកម្មភាពខុសច្បាប់ឆ្លងដែនផ្សេងៗទៀត បន្ទាប់ពីស្ថានការណ៍សន្តិសុខនៅតំបន់ភាគខាងត្បូងបានធ្លាក់ចុះដុនដាបយ៉ាងខ្លាំងកាលពីប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ហេតុការណ៍នេះបានសម្តែងឱ្យឃើញយ៉ាងច្បាស់ពីភាពចន្លោះប្រហោងនៃការគ្រប់គ្រងព្រំដែននាពេលកន្លងមក ដែលបណ្ដោយឱ្យក្រុមឧក្រិដ្ឋជន និងក្រុមបង្កើតចលាចល អាចប្រើប្រាស់ច្រកព្រំដែនធ្វើជាជម្រក និងជាផ្លូវដឹកជញ្ជូនផលប្រយោជន៍ខុសច្បាប់។
ជាមួយគ្នា រដ្ឋមន្ត្រីការទេសមាត់ត្រីកំភ្លាញថៃរូបនេះ ក៏បានទទួលស្គាល់ដែរថា រដ្ឋាភិបាលថៃត្រូវការជាចាំបាច់នូវកិច្ចសហប្រតិបត្តិការផ្នែកស៊ើបការណ៍សម្ងាត់ឱ្យបានល្អិតល្អន់ជាងមុន និងការចូលរួមយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន ដើម្បីទប់ស្កាត់កុំឱ្យអំពើហិង្សារាតត្បាតបន្ថែមទៀត។ ទន្ទឹមនឹងការជំរុញផ្នែកសន្តិសុខ ភាគីថៃក៏បានលើកឡើងពីការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញដឹកជញ្ជូនរួមគ្នាជាមួយម៉ាឡេស៊ី ដើម្បីបង្កើនទំនុកចិត្តសាធារណៈផងដែរ។ ទោះជាយ៉ាងណា ការដែលថៃទើបតែភ្ញាក់ខ្លួន និងប្រញាប់ប្រញាល់រៀបចំជំនួបជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នៅថ្ងៃទី ៦ ខែកញ្ញា ខាងមុខ ដោយមានការចូលរួមពីប្រធានទីភ្នាក់ងារចារកម្មថៃ និងជាប្រធានក្រុមការងារកសាងសន្តិភាពផងនោះ បានចោទជាសំណួរលើប្រសិទ្ធភាពនៃយន្តការចារកម្ម និងការការពារព្រំដែនផ្ទៃក្នុងរបស់ថៃនាពេលកន្លងមក។
សូមជម្រាបថា កាលពីពាក់កណ្ដាលខែសីហាកន្លងទៅ ភាគីម៉ាឡេស៊ីខ្លួនឯងក៏បានចាត់វិធានការក្តៅក្នុងការបង្កើនសន្តិសុខនៅតាមព្រំដែនរបស់ខ្លួនរួចជាស្រេចហើយដែរ ដើម្បីការពារផលប៉ះពាល់ដែលបង្កឡើងដោយអំពើហិង្សា និងភាពចលាចលឥតឈប់ឈរចេញពីទឹកដីថៃ។ ប្រសិនបើអាជ្ញាធរថៃនៅតែបន្តអនុវត្តវិធានការបែបទល់តែមានហេតុការណ៍ ទើបប្រញាប់ប្រញាល់រត់រកកិច្ចអន្តរាគមន៍ ហើយខ្វះការលុបបំបាត់អំពើពុករលួយនៅតាមច្រកទ្វារព្រំដែនផ្ទៃក្នុងនោះ ច្បាស់ណាស់តំបន់ភាគខាងត្បូងនៃប្រទេសថៃ នឹងនៅតែបន្តជួបប្រទះនូវអស្ថិរភាព និងជាប្រភពនៃគ្រោះថ្នាក់សន្តិសុខដល់តំបន់ជារៀងរហូត៕
