ការចេញមុខបដិសេធយ៉ាងដាច់អហង្ការពីសំណាក់ក្រសួងការពារជាតិកម្ពុជា ចំពោះការចោទប្រកាន់មិនពិតរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលចោទថា «កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន» នោះ បានលាតត្រដាងឱ្យឃើញកាន់តែច្បាស់ពីចរិតបំភ័ន្តការពិត និងការគ្របដណ្តប់លើចេតនាឈ្លានពានដែលមានការរៀបចំទុកជាមុនរបស់យោធាថៃ។ តើការទម្លាក់កំហុសមកលើកម្ពុជាទាំងកំរោលនេះ អាចលុបលាងភស្តុតាងនៃការប្រកាសប្រើប្រាស់ «ផែនការចក្រពង្សភូវនាថ» ដែលជាផែនការត្រៀមលក្ខណៈសង្គ្រាមសរុបរបស់ថៃ មុនពេលបើកការវាយប្រហារមកលើអធិបតេយ្យភាពកម្ពុជាបានដោយរបៀបណា?

តាមរយៈក្រសួងការពារជាតិ កម្ពុជាបានបញ្ជាក់ជំហរយ៉ាងច្បាស់ជាថ្មីថា ការវាយប្រហាររបស់ថៃមកលើទឹកដីកម្ពុជា មិនមែនជាការប្រព្រឹត្តដោយអចេតនា ឬកើតឡើងដោយចៃដន្យនោះឡើយ។ ផ្ទុយទៅវិញ ការប្រកាសដាក់ចេញនូវ «ផែនការចក្រពង្សភូវនាថ» ដោយយោធាថៃប៉ុន្មានថ្ងៃមុនពេលបើកការវាយប្រហារប្រដាប់អាវុធដោយការញុះញង់មកលើកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ គឺជាភស្តុតាងប្រវត្តិសាស្ត្រស្តែងៗដែលបង្ហាញពី «ការរៀបចំផែនការសង្គ្រាមទុកជាមុន»។ សូមរំលឹកថា ផែនការយុទ្ធសាស្ត្រសង្គ្រាមកម្រិតខ្ពស់នេះ យកឈ្មោះតាមសេនាប្រមុខ ព្រះអង្គម្ចាស់ ចក្រពង្សភូវនាថ បិតាកងទ័ពអាកាសថៃ ដោយតម្រូវឱ្យមានការកៀរគរកម្លាំងសរុបទាំង ៣ ប្រភេទ (ជើងគោក ជើងទឹក ជើងអាកាស) និងកម្លាំងបម្រុងក្នុងពេលតែមួយ រួមទាំងការប្រើប្រាស់អាវុធធុនធ្ងន់ដូចជា យន្តហោះចម្បាំង F-16 និងកាំភ្លើងធំចម្ងាយឆ្ងាយ មកលើបូរណភាពទឹកដីកម្ពុជាយ៉ាងធ្ងន់ធ្ងរ។

ទោះជាត្រូវរងការគំរាមកំហែងផ្នែកយោធាយ៉ាងធ្ងន់ធ្ងរក៏ដោយ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវស្មារតីអត់ធ្មត់ និងបានទាមទារឱ្យភាគីថៃអនុវត្តសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ឱ្យបានពេញលេញ ជាពិសេសគឺការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនតាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC) ឱ្យបានឆាប់រហ័ស។ កម្ពុជាបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងមិនទទួលយកជាដាច់ខាតនូវការប្រើប្រាស់កម្លាំងយោធា ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែងដើម្បីផ្លាស់ប្តូរខ្សែព្រំដែន។ ជំហរមិនកែប្រែរបស់កម្ពុជា គឺការការពារខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយឈរលើអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម, MOU ឆ្នាំ ២០០០, TOR ឆ្នាំ ២០០៣ និងច្បាប់អន្តរជាតិជាធរមាន។

សូមជម្រាបថា ការទម្លាក់កំហុស និងការភូតភរជាសាធារណៈរបស់យោធាថៃ មិនអាចកែប្រែការពិតនៃ «ផែនការចក្រពង្សភូវនាថ» ដែលកម្ពុជាធ្លាប់បានលាតត្រដាងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះឡើយ។ ប្រសិនបើភាគីថៃនៅតែបន្តប្រកាន់យកនយោបាយឈ្លានពាន និងខកខានក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមយន្តការច្បាប់ដែលមានស្រាប់នោះ ច្បាស់ណាស់ថៃខ្លួនឯងនឹងត្រូវទទួបន្ទុកទាំងស្រុងចំពោះមុខសហគមន៍អន្តរជាតិ ក្នុងនាមជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែនជារៀងរហូត៕
