ការប្រញាប់ប្រញាល់ចេញមុខបដិសេធយ៉ាងក្រពុលមុខរបស់សារព័ត៌មាន និងអាជ្ញាធរថៃ ចំពោះការផ្សាយរបស់សារព័ត៌មានដ៏ល្បីរបស់អង់គ្លេស The Independent ដែលបានលាតត្រដាងថា ទីក្រុងប៉ាតាយ៉ាជាដែនដីនៃ «អាជីវកម្មផ្លូវភេទស្របច្បាប់» នោះ បាននិងកំពុងស្តែងឱ្យឃើញយ៉ាងច្បាស់ពីភាពអាម៉ាស់មុខ និងការខិតខំបិទបាំងការពិតទាំងងងើលរបស់ប្រទេសមួយនេះ។ តើការដោះសាត្រឡប់ត្រឡិនថាតំបន់ទេសចរណ៍របស់ខ្លួន «ប្រកាន់ខ្ជាប់នូវច្បាប់ហាមឃាត់អំពើលក់សេវាកម្មផ្លូវភេទ» អាចប្រែក្លាយការពិតស្តែងៗនៃឧស្សាហកម្មផ្លូវភេទដ៏ស្អុយរលួយ ដែលល្បីល្បាញពេញពិភពលោកនៅប៉ាតាយ៉ាបានដោយរបៀបណា?

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod បានឱ្យដឹងថា ភាគីថៃបានសម្តែងការមិនសុខចិត្ត និងបានខិតខំកែតម្រូវចំពោះសំណេររបស់ The Independent ដែលបានពិពណ៌នាពីទីក្រុងប៉ាតាយ៉ា ថាជាទីក្រុងកម្សាន្តដែលមានការលក់សេវាកម្មផ្លូវភេទដោយស្របច្បាប់ មុនពេលនាវាចម្បាំងអាមេរិក USS Abraham Lincoln នាំកងទ័ពជាង ៥ ០០០ នាក់ចូលចត។ យ៉ាងណាមិញ ការសម្តែងភាពស្អាតស្អំបែបនេះ ត្រូវបានទះកំផ្លៀងយ៉ាងដំណំដោយអត្ថបទបកអាក្រាតរបស់ The Independent ផ្ទាល់ ដែលបានរំលឹកថា បើទោះបីជាថៃព្យាយាមអះអាងថា សេវាកម្មផ្លូវភេទខុសច្បាប់យ៉ាងណាក៏ដោយ ក៏ឧស្សាហកម្មផ្លូវភេទនេះត្រូវបានគេមើលឃើញ និងប្រព្រឹត្តិទៅយ៉ាងបើកចំហនៅតាមតំបន់ទេសចរណ៍ធំៗក្នុងប្រទេសថៃ ជាពិសេសគឺនៅទីក្រុងប៉ាតាយ៉ាតែម្តង រហូតដល់ភ្នាក់ងារ FBI របស់អាមេរិកធ្លាប់បានប្រសិទ្ធនាមទីក្រុងនេះថាជា «គោលដៅទេសចរណ៍ផ្លូវភេទឈានមុខគេមួយនៅលើពិភពលោក» ទៀតផង។

កាន់តែស្ដែងឱ្យឃើញពីភាពទន់ខ្សោយ និងទម្លាប់ធ្វើការបែបសម្តែងបិទបាំងភ្នែកសង្គមនោះ គឺការដែលអាជ្ញាធរប៉ូលិសប៉ាតាយ៉ាបានត្រឹមតែរកលេសថា «ពិបាកទប់ស្កាត់» ខណៈដែលពួកគេបានចេញរ៉ាវចាប់ខ្លួនមនុស្សចន្លោះពី ៤០ ទៅ ៥០ នាក់តែមួយប្រប៉ិចភ្នែក មុនពេលទាហានអាមេរិកមកដល់។ អំពើពុករលួយ និងការបើកដៃឱ្យមានអាជីវកម្មផ្លូវភេទខុសច្បាប់ដើម្បីទាញយកប្រាក់ចំណូលសេដ្ឋកិច្ចពីក្រុមទាហានអាមេរិក ដែលត្រូវបានគេរំពឹងថានឹងចំណាយលុយចន្លោះពី ១ ០០០ ទៅ ៣ ០០០ បាតក្នុងមួយថ្ងៃនោះ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាពសង្គម និងការរីករាលដាលនៃជំងឺឆ្លងតាមផ្លូវភេទ ដែលអ្នកជំនាញការថៃខ្លួនឯងក៏បានសម្តែងការព្រួយបារម្ភផងដែរ។

សូមជម្រាបថា ការព្យាយាមកែប្រែការពិតរបស់ថៃ មិនអាចលុបបំបាត់រូបភាពជាក់ស្តែងនៃទីក្រុងប៉ាតាយ៉ា ដែលបានកសាងឈ្មោះលើអាជីវកម្មផ្លូវភេទតាំងពីសម័យសង្គ្រាមវៀតណាមនោះឡើយ។ ប្រសិនបើអាជ្ញាធរថៃនៅតែបន្តប្រកែកយកចាញ់ឈ្នះទាំងអាម៉ាស់មុខ ហើយខកខានក្នុងការលុបបំបាត់អំពើពុករលួយ និងការជួញដូរផ្លូវភេទដែលកើតមានឡើងយ៉ាងចំហផ្ទុយពីច្បាប់ផ្ទៃក្នុងរបស់ខ្លួននោះ ច្បាស់ណាស់ប្រទេសថៃនឹងនៅតែបន្តជាប់ឈ្មោះជាឋានសួគ៌នៃឧក្រិដ្ឋកម្មផ្លូវភេទ នៅក្នុងភ្នែកសហគមន៍អន្តរជាតិជារៀងរហូត៕

Share.