ការរអិលបាក់ដី និងទឹកជំនន់ឆាប់រហ័សដែលបាននិងកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរលើខេត្តមេហុងសន (Mae Hong Son) ភាគខាងជើងប្រទេសថៃ កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៦ បានធ្វើឱ្យស្រុកជាច្រើនដូចជា ខុនយួម (Khun Yuam) និង សុបមើយ (Sop Moei) ធ្លាក់ចូលក្នុងវិបត្តិគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរ។

ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្កការខូចខាតដល់ផ្ទះសម្បែង និងសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែបានចោទជាសំណួរយ៉ាងធ្ងន់ធ្ងរចំពោះប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រព័ន្ធប្រកាសអាសន្នមុនគ្រោះមហន្តរាយរបស់អាជ្ញាធរថៃ។ តើការរង់ចាំទាល់តែគ្រោះមហន្តរាយកើតឡើង រួចទើបអាជ្ញាធរចុះទៅប្រមូលទិន្នន័យខូចខាត អាចជួយការពារជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋបានដោយរបៀបណា?

តាមការផ្សាយរបស់សារព័ត៌មានថៃ បានឱ្យដឹងថា តំបន់ជួរភ្នំ និងដងស្ទឹងក្នុងខេត្តមេហុងសន បានរងការគំរាមកំហែងពីជំនន់ទឹកភ្លៀងយ៉ាងគំហុកពេញមួយយប់ បណ្តាលឱ្យទឹកព្រៃបាក់ធ្លាក់ចូលក្នុងស្ទឹងមេសាប៉េ (Mae Sape) បុកបោកចូលលិចលង់ភូមិឋាន និងសាលារៀនប៊ានមេសាប៉េតៃ (Ban Mae Sape Tai) យ៉ាងដំណំ។ ជាមួយគ្នានេះ នៅតំបន់មេសាមឡែប (Mae Sam Laeb) ការបាក់ដីពីលើភ្នំបានសង្កត់បាក់ជញ្ជាំងផ្ទះប្រជាពលរដ្ឋក្នុងពេលអធ្រាត្រទៀតផងដែរ។

ហេតុការណ៍ទាំងនេះបានសម្តែងឱ្យឃើញយ៉ាងច្បាស់អំពីភាពទន់ខ្សោយ និងភាពធូររលុងនៃយន្តការការពារសុវត្ថិភាពសង្គមរបស់ថៃ ដែលតែងតែបណ្ដែតបណ្ដោយឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រឈមមុខនឹងគ្រោះថ្នាក់ ដោយគ្មានប្រព័ន្ធប្រកាសអាសន្ន ឬវិធានការទប់ស្កាត់ជាមុនឱ្យបានច្បាស់លាស់នោះឡើយ។

សូមជម្រាបថា គ្រោះទឹកជំនន់ និងការបាក់ដីនៅខេត្តមេហុងសន គឺជាការព្រមានមួយទៀតចំពោះការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធសន្តិសុខសុវត្ថិភាពពលរដ្ឋរបស់ថៃ។ ប្រសិនបើអាជ្ញាធរថៃនៅតែបន្តអនុវត្តវិធានការបែបអសកម្ម រង់ចាំទាល់តែគ្រោះមហន្តរាយមកដល់ទើបចេញមុខដោះស្រាយតាមក្រោយនោះ ច្បាស់ណាស់ប្រជាពលរដ្ឋថៃនៅតាមតំបន់ដាច់ស្រយាលនឹងនៅតែបន្តក្លាយជាជនរងគ្រោះ ដោយសារភាពខ្វះការទទួលខុសត្រូវ និងការមើលរំលងរបស់រដ្ឋាភិបាលជារៀងរហូត៕

Share.