ក្រុមជាតិនិយមថៃបានបើកការប្រមូលផ្តុំតវ៉ាយ៉ាងក្តៅគគុកនៅមុខស្ថានទូតអ៊ីស្រាអែល ប្រចាំទីក្រុងបាងកក ដើម្បីសម្តែងការខឹងសម្បារ និងទាមទារឱ្យមានវិធានការជាបន្ទាន់ចំពោះឥរិយាបថមិនសមរម្យ ច្រឡើសបើស និងការមើលងាយមើលថោកលើទំនៀមទម្លាប់ និងច្បាប់នៃប្រទេសថៃ ពីសំណាក់ទេសចរអ៊ីស្រាអែលមួយចំនួន។

បាតុកម្មនេះត្រូវនាំមុខដោយលោក Te Acheewa មេដឹកនាំចលនា «Thai Mai Thon» ឬ «ថៃអត់ធ្មត់លែងបាន» ដែលបានដឹកនាំកម្លាំងបាតុករទៅជួបជុំគ្នានាវេលាម៉ោង ២រសៀល ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ម្សិលម៉ិញ ដើម្បីដាក់កំហិតឱ្យឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ចេញលិខិតព្រមាន និងអប់រំទូន្មានពលរដ្ឋខ្លួនជាបន្ទាន់ ឱ្យស្គាល់ពីទម្ងន់នៃច្បាប់ វប្បធម៌ និងតម្លៃនៃការគោរពម្ចាស់ផ្ទះ។

ដើមចោទនៃរលកកំហឹងនេះ កើតចេញពីរឿងរ៉ាវអាក្រក់ជាច្រើនដែលប្រជាពលរដ្ឋថៃក្នុងតំបន់ទេសចរណ៍សំខាន់ៗ ដូចជា កោះផាង៉ាន់ និងភូកេត បានជួបប្រទះ និងរាយការណ៍មក រួមមានការបៀតបៀន ប្រើទង្វើអាក្រក់មើលងាយ និងគំរាមកំហែងលើប្រជាជនក្នុងស្រុក ការបើកបររំលោភច្បាប់ចរាចរណ៍យ៉ាងអនាធិបតេយ្យដោយមិនកោតក្រែងអាជ្ញាធរ ព្រមទាំងការបង្កើតជម្លោះផលប្រយោជន៍ដណ្តើមអាជីវកម្ម និងការទិញដូរអចលនទ្រព្យខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានផងដែរ។

ទោះបីជាមានការលើកគ្នាមកតវ៉ាយ៉ាងក្តៅគគុក និងរៀបចំការទាមទារយ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយ ភាគីស្ថានទូតអ៊ីស្រាអែលនៅតែរក្សាភាពស្ងប់ស្ងាត់ និងមិនទាន់ចេញមុខឆ្លើយតប ឬបកស្រាយជុំវិញការចោទប្រកាន់ទាំងនេះនៅឡើយទេ។

ប្រភព៖ Khaosod

Share.