សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធ បានចុះអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់អាជីវករ ដែលដាក់លក់សម្លៀកបំពាក់មានបោះពុម្ពសំណេរមិនសមរម្យ និងពាក្យអសុរោះ ដែលអាចប៉ះពាល់ដល់សីលធម៌ និងសុជីវធម៌សង្គម កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក លី សារី អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីមន្ត្រីអង្គភាពពាក់ព័ន្ធ ដោយបានចុះពិនិត្យតាមទីតាំងលក់សម្លៀកបំពាក់មួយចំនួន ដែលមានដាក់តាំងអាវភ្ជាប់នូវសំណេរមិនសមរម្យ។

អាជ្ញាធរបញ្ជាក់ថា ការអប់រំ និងធ្វើកិច្ចសន្យានេះ មិនមានគោលបំណងរារាំងការប្រកបអាជីវកម្មរបស់អាជីវករឡើយ ប៉ុន្តែដើម្បីចៀសវាងការដាក់លក់ និងចែកចាយសម្លៀកបំពាក់ដែលមានសំណេរអសុរោះ ឬមិនសមរម្យ ដែលអាចប៉ះពាល់ដល់តម្លៃសីលធម៌ និងសុជីវធម៌ក្នុងសង្គម។

ជាលទ្ធផល អាជ្ញាធរបានរកឃើញអាវចំនួន ៤៥អាវ ដែលមានបោះពុម្ពពាក្យមិនសមរម្យជាភាសាខ្មែរ និងអក្សរអង់គ្លេស ហើយបានណែនាំ និងធ្វើកិច្ចសន្យាដល់អ្នកលក់ ឱ្យបញ្ឈប់ការដាក់លក់ និងចែកចាយបន្តទៀត៕

អត្ថបទ៖ តាតុងសែនជ័យ

Share.