ភ្នំពេញ៖ ជនជាតិចិនចំនួន ១២១នាក់ ក្នុងនោះស្ត្រី ២នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញចេញពីប្រទេសកម្ពុជា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។




ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ជនជាតិចិនទាំងនេះពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់ ការស្នាក់នៅ និងធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងប្រទេសកម្ពុជា។
ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃវិធានការរបស់សមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវរកមេខ្លោង និងបណ្តេញជនបរទេសដែលប្រព្រឹត្តបទល្មើស ឬស្នាក់នៅខុសច្បាប់ចេញពីកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា សមត្ថកិច្ចនឹងបន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅកម្ពុជា៕
អត្ថបទ៖ កណ្ដាល
