​បាងកក៖ លោក ណាត់ថាផុង រឿងបញ្ញាវុធ មេដឹកនាំគណបក្សប្រជាជន បានថ្លែងថា ភាគីប្រឆាំងមានព័ត៌មានដែលអាចប្រើប្រាស់ ដើម្បីទម្លាយនូវអំពើពុករលួយនៃរបបពណ៌ខៀវ និងអាចធ្វើឱ្យរដ្ឋាភិបាលអនុទិន រង្គោះរង្គើនៅក្នុងការសួរដេញដោលតាមសភាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod English នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

លោកបានបញ្ជាក់ថា ទោះបីជាមិនទាន់មានការសម្រេចផ្លូវការថា តើត្រូវរៀបចំការដេញដោលទូទៅ ការដាក់ញត្តិមិនទុកចិត្ត ឬធ្វើទាំង២ រួមគ្នាក៏ដោយ ក៏ជម្រើសចុងក្រោយនឹងផ្អែកលើភស្តុតាងដែលបក្សប្រឆាំងនីមួយៗមាននៅក្នុងដៃ។ ទោះជាយ៉ាងណា ការចោទប្រកាន់ជុំវិញការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា និងអំពើពុករលួយផ្សេងទៀត បានធ្វើឱ្យពិបាកក្នុងការបដិសេធថា មន្ត្រីនៅក្នុងរដ្ឋាភិបាល ជាពិសេសបុគ្គលមកពីគណបក្សភូមិចៃថៃ មិនបានជាប់ពាក់ព័ន្ធនោះឡើយ។

លោក ណាត់ថាផុង បានបង្ហើបថា បក្សរបស់លោកបានទទួលព័ត៌មានពីជនរងគ្រោះ ឬបុគ្គលដែលធ្លាប់ពាក់ព័ន្ធ ហើយនឹងបញ្ចេញភស្តុតាងរឹងមាំបំផុតក្នុងអំឡុងពេលសួរដេញដោលគ្រប់រូបភាព និងការបោះឆ្នោតដកសេចក្តីទុកចិត្តរដ្ឋាភិបាល នាពេលខាងមុខ ដោយមិនទម្លាយមុនឡើយ ដើម្បីការពារកុំឱ្យរដ្ឋាភិបាលមានពេលរៀបចំខ្លួនឆ្លើយតប។

ភ័ស្តុតាងទាំងអស់​ បង្ហាញពីរបៀបដែល «របបពណ៌ខៀវ» កំពុងពង្រឹងអំណាច រួមទាំងការចោទប្រកាន់ ពីការប្រើឥទ្ធិពលក្នុងប្រព័ន្ធនយោបាយ ស្ថាប័នឯករាជ្យ និងក្រុមអាជីវកម្មដែលពាក់ព័ន្ធនឹងកិច្ចសន្យាសារធារណៈរបស់រដ្ឋ ផងដែរ។

លើសពីនេះ លោកបានចោទប្រកាន់ថា មានការប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ក្នុងបំណងបំបិទមាត់អ្នកទម្លាយការរំលោភបំពាន និងការប្រើប្រាស់ធនធានរដ្ឋ ដើម្បីផលិតព័ត៌មានបម្រើផលប្រយោជន៍នយោបាយ ដោយបក្សនឹងបង្ហាញភស្តុតាងរឿងនេះនៅក្នុងសភា។

ជាចុងក្រោយ លោក ណាត់ថាផុង បានសម្តែងទំនុកចិត្តថា សមាជិកសភារបស់គណបក្សប្រជាជន នឹងមិនបំបែកជួរឡើយ ហើយបានឆ្លើយតបទៅនឹងនាយករដ្ឋមន្ត្រី អនុទីន ឆានវីរ៉ាកុល ដែលតែងតែថ្លែងអរគុណបក្សប្រជាជនថា៖ «ប្រសិនបើនាយករដ្ឋមន្ត្រីចង់អរគុណខ្ញុំ ដែលធ្លាប់ជួយឱ្យលោកបានកាន់តំណែងជាណាយករដ្ឋមន្ត្រី លោកមិនគួរបំភ្លេចឡើយថា ពេលនេះខ្ញុំក៏ស្ថិតក្នុងតំណែងដែលអាចជួយដកលោកចេញពីតំណែងបានដូចគ្នា»។

ប្រភព៖ Khaosod English

Share.