ភ្នំពេញ៖ ជនជាតិចិនសរុបចំនួន ១២២នាក់ ក្នុងនោះមានស្ត្រី៣នាក់ ដែលសមត្ថកិច្ចរកឃើញថា ពាក់ព័ន្ធនឹងការស្នាក់នៅ និងធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន ព្រមទាំងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា។




ការបណ្ដេញចេញនេះ បានធ្វើឡើងនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៦ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការចាត់វិធានការនេះ គឺជាផ្នែកមួយនៃការពង្រឹងការគ្រប់គ្រងជនបរទេស និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងត្រូវបានអាជ្ញាធរយកចិត្តទុកដាក់យ៉ាងខ្លាំង។




ជាមួយគ្នានេះ សមត្ថកិច្ចកម្ពុជានឹងបន្តស្រាវជ្រាវ បង្ក្រាប និងចាត់វិធានការតាមនីតិវិធីចំពោះជនបរទេសដែលប្រព្រឹត្តបទល្មើស ព្រមទាំងបន្តស្វែងរក និងបង្ក្រាបដល់មេខ្លោងនៃបណ្តាញឆបោក ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម៕
អត្ថបទ÷ចតុម្មុខ
