ប្រទេសថៃ និងសិង្ហបុរី បានបន្តរឹតចំណងមិត្តភាព និងកំពុងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធលើវិស័យការពារជាតិ សន្តិសុខ និងអាកាសចរណ៍ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ នាយកណ្ដុរ អនុទិន បានបើកវិមានរដ្ឋាភិបាល ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ឡរេនស៍ វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតកំពូលទ្វេភាគីលើកទី៥ កាលពីល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៦។

សារព័ត៌មានថៃបានបញ្ជាក់ថា ជំនួបទ្វេភាគីកម្រិតកំពូលនេះ បានស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងខ្ពស់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងកងទ័ពអាកាសរវាងប្រទេសទាំងពីរឱ្យកាន់តែមានជម្រៅ។ ក្នុងឱកាសនោះ ភាគីសិង្ហបុរីបានសម្តែងនូវមិត្តភាព និងការយកចិត្តទុកដាក់យ៉ាងពិសេស ដោយបានប្រគល់កាដូនូវ «ស្លាកសញ្ញាស្លាបអ្នកបើកបរយន្តហោះនៃកងទ័ពអាកាសសិង្ហបុរី» ដែលមានចារឹកឈ្មោះ និងលេខកូដហៅផ្លូវអាកាស «MICKEY» ជូនចំពោះលោកនាយករដ្ឋមន្ត្រីថៃ។ សញ្ញាកិត្តិយសនេះ មិនត្រឹមតែរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីចំណូលចិត្តផ្ទាល់ខ្លួនរបស់មេដឹកនាំថៃលើវិស័យអាកាសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺជាសញ្ញាណតំណាងឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយោធាយ៉ាងជិតស្និទ្ធរវាងកងទ័ពអាកាសសិង្ហបុរី និងកងទ័ពអាកាសភូមិន្ទថៃ។

សូមជម្រាបថា ជំនួបកំពូលរវាងមេដឹកនាំនៃប្រទេសសមាជិកអាស៊ានទាំងពីរនេះ ត្រូវបានគេមើលឃើញថា ជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការបង្កើនទំនុកចិត្តផ្នែកសន្តិសុខ ការផ្លាស់ប្តូរបទពិសោធន៍យោធាអាកាសចរណ៍ និងការរួមចំណែកថែរក្សាសន្តិសុខនៅក្នុងតំបន់។ ប៉ុន្តែសម្រាប់អ្នកតាមដានព្រឹត្តិការណ៍វីញយល់ឃើញថា ភាគីថៃកំពុងព្យាយាមប្រើប្រាស់ទ្វេភាគីនិយមជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីបង្កើតរូបភាពបំភ័ន្តភ្នែកថាខ្លួនជា «តួអង្គប្រជាធិបតេយ្យ និងសន្តិភាព» នៅក្នុងតំបន់ ខណៈដែលនៅលើដីជាក់ស្តែង យោធាថៃបាននិងកំពុងបន្តដាក់លួសបន្លា សង់ទូកុងតឺន័រ និងលេណដ្ឋានដោយឯកតោភាគីលើទឹកដីកម្ពុជាយ៉ាងអនាធិបតេយ្យ។

អ្វីដែលកាន់តែស្តែងឱ្យឃើញពីភាពទន់ខ្សោយផ្នែកការទូតរបស់ថៃនោះ គឺការដែលថៃខិតខំរត់ទៅពឹងពាក់ ឬបង្កើតភាពស្និទ្ធស្នាលជាមួយប្រទេសទីបី ក្នុងបំណងឱ្យគេជួយបញ្ចុះបញ្ចូល ឬបិទមាត់កម្ពុជាមិនឱ្យលើកឡើងពី «ជម្លោះព្រំដែន» នៅលើឆាកអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា ភាគីថៃគួរតែភ្ញាក់រលឹកថា គ្មានកាដូ គ្មានការផ្លាស់ប្តូរស្លាកសញ្ញាកងទ័ពអាកាស ឬល្បិចកលការទូតណា អាចមកលុបលាងទង្វើបំពានអធិបតេយ្យភាពប្រទេសជិតខាងបានឡើយ។ សិង្ហបុរី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សុទ្ធសឹងតែជារដ្ឋដែលប្រកាន់យកច្បាប់អន្តរជាតិជាធំ ហើយគ្មានប្រទេសណាមួយទៅគាំទ្រទង្វើឈ្លានពាន និងការរំលោភសេចក្តីថ្លែងការណ៍រួមរបស់ថៃនោះទេ៕

Share.