ភ្នំពេញ៖ ក្នុងស្មារតីយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរបស់កងទ័ព ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែងរបស់កងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។




ក្នុងដំណើរចុះជួបដោយផ្ទាល់ លោកមេបញ្ជាការបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភ ប្រគល់ជូនកងទ័ព ដើម្បីជួយសម្រួលដល់ជីវភាព និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ច។
ការចុះសួរសុខទុក្ខនេះ ត្រូវបានចាត់ទុកថា ជាការបង្ហាញពីការយកចិត្តទុកដាក់របស់មេបញ្ជាការចំពោះកូនចៅ ដែលកំពុងលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ក្នុងការបំពេញភារកិច្ចការពារជាតិ និងបូរណភាពទឹកដី។




ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានកោតសរសើរចំពោះស្មារតីស្នេហាជាតិ ភាពអត់ធ្មត់ ការលះបង់ និងវិន័យរបស់កងទ័ព ព្រមទាំងក្រើនរំលឹកឱ្យបន្តគោរពបទបញ្ជា រក្សាសាមគ្គីភាព បង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ជូន។
លោកមេបញ្ជាការក៏បានណែនាំដល់កងទ័ពទាំងអស់ឱ្យចៀសវាងការផឹកស្រា និងការប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបំពេញភារកិច្ច ព្រមទាំងអំពើផ្សេងៗដែលអាចប៉ះពាល់ដល់ស្មារតី ការប្រុងប្រយ័ត្ន និងសុវត្ថិភាព ព្រោះវិន័យ និងការប្រុងប្រយ័ត្ន គឺជាកត្តាសំខាន់សម្រាប់ការបំពេញភារកិច្ចនៅជួរមុខ។ រាល់ការចុះជួប សួរសុខទុក្ខ អំណោយ និងថវិកាឧបត្ថម្ភ មិនត្រឹមតែជាការផ្គត់ផ្គង់ផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់កងទ័ពជួរមុខ ឱ្យមានភាពរឹងមាំ និងបន្តបំពេញភារកិច្ចដោយស្មោះត្រង់ មិនរាថយ និងមានការទទួលខុសត្រូវ៕
