កម្ពុជាបានចេញមុខទាត់ចោលយ៉ាងម៉ឺងម៉ាត់ចំពោះការប៉ុនប៉ង និងសំណើរបស់ភាគីថៃដែលស្នើឱ្យកម្ពុជា «ឈប់លើកឡើង» អំពីជម្លោះព្រំដែនកម្ពុជា-ថៃនៅលើវេទិកាអន្តរជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ជំហរផ្លូវការយ៉ាងច្បាស់ៗថា ភាពស្ងៀមស្ងាត់មិនមែនជាដំណោះស្រាយនៃវិវាទព្រំដែននោះឡើយ ហើយកម្ពុជានឹងបន្តប្រើប្រាស់គ្រប់វេទិកាការទូតទាំងអស់នៅលើពិភពលោកដើម្បីនិយាយការពិត ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិធីសាស្ត្រតែមួយគត់ដែលស្ថាពរ និងមានប្រសិទ្ធភាពក្នុងការធ្វើឱ្យកម្ពុជាឈប់និយាយពីបញ្ហានេះ គឺថៃត្រូវតែបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលរំលោភលើអធិបតេយ្យភាពកម្ពុជាជាបន្ទាន់ ដោយត្រូវ៖

-ដកចេញនូវហេដ្ឋារចនាសម្ព័ន្ធខុសច្បាប់៖ បញ្ឈប់ និងរុះរើការដាក់លួសបន្លា ទូកុងតឺន័រ លេណដ្ឋាន ផ្លូវ និងសំណង់ដែលសាងសង់ដោយឯកតោភាគីនៅលើដីកម្ពុជា។

-ធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ៖ បង្កលក្ខណៈឱ្យប្រជាពលរដ្ឋខ្មែរអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងដីធ្លីអាស្រ័យផលរបស់ខ្លួនវិញដោយសុវត្ថិភាព។

-គោរពច្បាប់អន្តរជាតិ៖ គោរពបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងដែលមានស្រាប់ និងប្រកាន់យកយន្តការដោះស្រាយវិវាទដោយសន្តិវិធី។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា កម្ពុជានៅតែបន្តប្រកាន់ជំហរចង់បានសន្តិភាព និងគាំទ្រការចរចាតាមយន្តការទ្វេភាគី ប៉ុន្តែការចរចាមិនមែនមានន័យថាកម្ពុជាត្រូវបោះបង់សិទ្ធិស្វ័យការពារ ឬបិទមាត់អ្នកការទូតខ្លួននោះឡើយ។ ការដោះស្រាយភាពតានតឹងមិនមែនជាការរត់ទៅ «បញ្ចុះបញ្ចូលប្រទេសទីបី» ឱ្យមកស្នើឱ្យកម្ពុជាស្ងាត់ស្ងៀមនោះទេ ប៉ុន្តែត្រូវដោះស្រាយនៅប្រភពដើមនៃបញ្ហានៅលើដីជាក់ស្តែង។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជំហរចុងក្រោយយ៉ាងក្តៅគគុកថា កម្ពុជានឹងមិនស្ងៀមស្ងាត់ឡើយ ដោយនឹងបន្តលើកយកអង្គហេតុ និងទិដ្ឋភាពច្បាប់ទៅជម្រាបជូនសហគមន៍អន្តរជាតិនៅគ្រប់វេទិកាទាំងអស់ រាប់ចាប់ពីភ្នំពេញ អាស៊ាន ហ្វ្រង់កូហ្វូនី រហូតដល់អង្គការសហប្រជាជាតិ។ កម្ពុជានឹងស្ងៀមស្ងាត់ លុះត្រាតែគ្មានការរំលោភបំពាន និងគ្មានអ្វីត្រូវតវ៉ាតែប៉ុណ្ណោះ ព្រោះអធិបតេយ្យភាព និងបូរណភាពទឹកដី មិនមែនជាប្រធានបទដែលភាគីណាមួយអាចមកស្នើឱ្យ «កុំនិយាយ» បានឡើយ៕

Share.