ខេត្តព្រះវិហារ៖ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានរៀបចំពិធីប្រជុំពិភាក្សា និងផ្សព្វផ្សាយយ៉ាងល្អិតល្អន់អំពីនីតិវិធីនៃការបើកគណនីធនាគារ និងការបើកផ្តល់ប្រាក់បៀវត្សតាមប្រព័ន្ធធនាគារជូនដល់យោធិនទាំងអស់ចំណុះកងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ទាំង៣ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដោយមានការចូលរួមពីមេបញ្ជាការកងពលតូចចំណុះ នាយការិយាល័យ ស្ថាប័ន និងនាយទាហានទទួលបន្ទុកការងារហិរញ្ញវត្ថុយ៉ាងច្រើនកុះករ។

នៅក្នុងអង្គប្រជុំ ឧត្តមសេនីយ៍ទោ ជា សុវណ្ណ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ និងលោកវរសេនីយ៍ឯក ឥត តូលី នាយផ្នែកហិរញ្ញវត្ថុ បានអានសេចក្តីណែនាំលេខ ០០៤/២០២៦ សណន របស់ក្រសួងការពារជាតិ ព្រមទាំងបានពន្យល់ណែនាំលម្អិតអំពីបែបបទ និងនីតិវិធីនៃការអនុវត្ត។ ការផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធធនាគារនេះ គឺជាផ្នែកមួយនៃកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងការពារជាតិ ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងភាពងាយស្រួលជូនដល់យោធិនគ្រប់រូបក្នុងការទទួលបានប្រាក់បៀវត្ស និងប្រាក់បំណាច់ផ្សេងៗ។

ផ្អែកតាមសេចក្តីណែនាំរបស់ក្រសួងការពារជាតិ ដំណើរការរៀបចំបែបបទបើកគណនីធនាគារជូនយោធិនត្រូវចាប់ផ្តើមអនុវត្តជាបន្ទាន់ និងត្រូវបញ្ចប់ឱ្យបាន ១០០% ជាស្ថាពរនៅត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៧។ យោធិនគ្រប់រូបមានសិទ្ធិជ្រើសរើសធនាគារដៃគូក្នុងចំណោមធនាគារពាណិជ្ជទាំង ៨ ដែលបានចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមាន៖ ធនាគារ អេស៊ីលីដា, កាណាឌីយ៉ា, វឌ្ឍនៈ, ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB), វីង (Wing), ABA, ជីប ម៉ុង, និង ជេ ត្រាស់ រ៉ូយ៉ាល់ (J Trust Royal)។ ចំពោះឯកសារតម្រូវ គឺមានត្រឹមតែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព (ច្បាប់ថតចម្លង) និងលេខទូរស័ព្ទ (បើមាន) ប៉ុណ្ណោះ។

មានប្រសាសន៍ផ្តាំផ្ញើក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងមន្ត្រីហិរញ្ញវត្ថុទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចនេះឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាតាមដំណាក់កាលនីមួយៗ ដោយចាប់ផ្តើមអនុវត្តជាបន្តបន្ទាប់ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ ដើម្បីធានាឱ្យបានថា យោធិនគ្រប់រូបទទួលបានគណនីធនាគារ និងការបើកបៀវត្សតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះបានរួចរាល់ទាំងស្រុងនៅចុងខែមិថុនា ឆ្នាំ២០២៧ ខាងមុខ ប្រកបដោយភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់បំផុត៕

Share.