ហេតុការណ៍ដ៏រន្ធត់ និងគ្រោះថ្នាក់មួយបានកើតឡើងកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៦ នៅក្នុងសាលារៀនមួយស្ថិតក្នុងខេត្តកំពែងពេជ្រ ប្រទេសថៃ នៅពេលដែលសិស្សប្រុសមធ្យមសិក្សាបឋមភូមិឆ្នាំទី៣ ម្នាក់ បានកាន់កាំភ្លើងខ្លីទំហំ ៩ មីលីម៉ែត្រ ចូលទៅបាញ់បោះសេរីឡើងលើមេឃប្រមាណ ៦ គ្រាប់នៅក្នុងបរិវេណសាលា បង្កឱ្យមានការភ្ញាក់ផ្អើល និងចលាចលយ៉ាងខ្លាំងពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

ផ្អែកតាមការរៀបរាប់ពីភ្នាក់ងារសន្តិសុខដែលជាសាក្សីបានឃើញហេតុការណ៍មុនគេ បានឱ្យដឹងថា សិស្សបង្កហេតុបានដើរចូលតាមច្រកទ្វារមុខសាលា រួចបានដកកាំភ្លើងចេញពីកាបូបស្ពាយមកភ្ជង់រូបគាត់ មុនពេលរត់តម្រង់សំដៅទៅកាន់អាគារសិក្សា។
ភ្លាមៗនោះ លោកគ្រូ អ្នកគ្រូ បានអនុវត្តតាមផែនការសង្គ្រោះបន្ទាន់ដែលធ្លាប់បានហ្វឹកហាត់កន្លងមក គឺ «រត់ លាក់ខ្លួន និងតតាំង» ដោយបានបញ្ជាឱ្យចាក់សោទ្វារថ្នាក់រៀន បិទភ្លើង និងឱ្យសិស្សានុសិស្សពួនស្ងាត់ៗ ព្រមទាំងប្រញាប់រាយការណ៍ជូនកងកម្លាំងប៉ូលិសឱ្យចុះមកអន្តរាគមន៍ និងឡោមព័ទ្ធសម្រួល រហូតដល់សិស្សរូបនោះព្រមប្រគល់ខ្លួនដោយសុវត្ថិភាព។

នៅក្នុងហេតុការណ៍នេះ សំណាងល្អមិនមានគ្រូបង្រៀន ឬសិស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ ដោយគ្រាប់កាំភ្លើងបានបាញ់ត្រូវរថយន្តមួយគ្រឿង និងទ្វារកញ្ចក់អាគារសិក្សាប៉ុណ្ណោះ។ នៅកន្លែងកើតហេតុ ប៉ូលិសបានរកឃើញសំបកគ្រាប់កាំភ្លើងដែលបានបាញ់រួច និងគ្រាប់ដែលបាញ់មិនចេញដោយសារកាំភ្លើងគាំង ជ្រុះរាយប៉ាយនៅលើឥដ្ឋមុខអាគារ។
ពាក់ព័ន្ធនឹងមូលហេតុនៃទង្វើនេះ ម្តាយរបស់សិស្សបង្កហេតុបានទម្លាយថា កូនប្រុសរបស់គាត់មានវិបត្តិជំងឺផ្លូវចិត្តហើយថ្មីៗនេះ ទើបតែត្រូវបានសាលាព្យួរការសិក្សារយៈពេល ២ សប្តាហ៍ ដោយសារតែបញ្ហាសុខភាពចិត្តសាស្ត្រនេះផងដែរ។

ដើម្បីស្តារផ្លូវចិត្តសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូឡើងវិញ ខាងសាលាបានប្រកាសផ្អាកការសិក្សាផ្ទាល់ចំនួន ២ ថ្ងៃ ដោយផ្លាស់ប្តូរទៅជាការបង្រៀនតាមប្រព័ន្ធអនឡាញជំនួសវិញ៕
