ត្បូងឃ្មុំ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីបំភ្លឺជុំវិញករណីផ្ទុះអាវុធបណ្តាលឱ្យបុរសម្នាក់ឈ្មោះ ជុំ ថ្នម ស្លាប់នៅក្នុងចម្ការកៅស៊ូ ស្ថិតនៅភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ជនសង្ស័យក្នុងករណីនេះ គឺលោកវរសេនីយ៍ទោ ហោ សុវឌ្ឍនៈ ជាមន្ត្រីនគរបាល។

តាមការបំភ្លឺរបស់សមត្ថកិច្ច នៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា លោក ហោ សុវឌ្ឍនៈ ដែលកំពុងនៅអធិការដ្ឋាននគរបាលស្រុកមេមត់ បានទទួលព័ត៌មានពីឈ្មោះ វី ចាន់ណេង ភេទស្រី អាយុ២១ឆ្នាំ ដែលមានចម្ការកៅស៊ូនៅជាប់ចម្ការរបស់លោកថា មានក្រុមចោរចំនួន៣នាក់ ជិះម៉ូតូ២គ្រឿង កំពុងធ្វើសកម្មភាពលួចបកជ័រកៅស៊ូក្នុងចម្ការ។

ក្រោយទទួលព័ត៌មាន លោក ហោ សុវឌ្ឍនៈ បានជិះម៉ូតូចេញទៅតែម្នាក់ឯង ដោយយកអាវុធខ្លីម៉ាក K59 ទៅជាមួយ។ ពេលទៅដល់ លោកមិនបានឃើញក្រុមចោរនោះនៅក្នុងចម្ការរបស់ខ្លួនទេ ហើយបានជិះតាមរក រហូតប្រទះឃើញក្រុមបុរសទាំង៣នាក់ កំពុងធ្វើសកម្មភាពលួចបកជ័រកៅស៊ូនៅក្នុងចម្ការរបស់អ្នកផ្សេង។

សមត្ថកិច្ចបញ្ជាក់ថា លោក ហោ សុវឌ្ឍនៈ បានហៅក្រុមបុរសទាំងនោះឱ្យឈប់ និងអង្គុយនៅមួយកន្លែង ប៉ុន្តែក្រុមនោះមិនស្តាប់ឡើយ ទើបលោកបានបាញ់គំរាមទៅលើដី១គ្រាប់ ទើបមានម្នាក់អង្គុយចុះ ម្នាក់ទៀតឈរ និងម្នាក់ទៀតអង្គុយលើម៉ូតូ។

ភ្លាមៗនោះ បុរសឈ្មោះ ជុំ ថ្នម មិនខ្លាចការគំរាម និងបានស្ទុះចូលមកប្រតាយប្រតប់ ដើម្បីដណ្តើមអាវុធពីលោក ហោ សុវឌ្ឍនៈ ខណៈពេលប្រតាយប្រតប់គ្នា បានបណ្តាលឱ្យរាលកៃកាំភ្លើង និងផ្ទុះចំនួន១គ្រាប់ ត្រូវចំស្មាខាងស្តាំរបស់ ជុំ ថ្នម ធ្លាយចូលទៅបៀមគ្រាប់នៅក្នុងទ្រូងខាងឆ្វេង បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។ ចំណែកបក្ខពួក២នាក់ទៀត បានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ ក្រុមគ្រូពេទ្យជំនាញផ្នែកកោសល្យវិច័យ និងមន្ត្រីជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានចុះពិនិត្យសាកសព និងកន្លែងកើតហេតុ។ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនលោក ហោ សុវឌ្ឍនៈ ទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៏បានរៀបចំបែបបទស្នើសុំគោលការណ៍ ដើម្បីអនុវត្តទណ្ឌកម្មខាងវិន័យចំពោះលោកវរសេនីយ៍ទោ ហោ សុវឌ្ឍនៈ ពាក់ព័ន្ធនឹងការល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៏បានរៀបចំបែបបទស្នើសុំគោលការណ៍ ដើម្បីអនុវត្តទណ្ឌកម្មខាងវិន័យចំពោះលោកវរសេនីយ៍ទោ ហោ សុវឌ្ឍនៈ ពាក់ព័ន្ធនឹងការល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

បច្ចុប្បន្ន លោក ហោ សុវឌ្ឍនៈ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារខេត្តត្បូងឃ្មុំ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ៩៨៤ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ របស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តត្បូងឃ្មុំ ក្រោមបទចោទ មនុស្សឃាតដោយអចេតនា។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំបុណ្យតាមប្រពៃណី៕

អត្ថបទ៖អាចារ្យលាក់

Share.