
លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ បានបង្ហោះសារនិងរូបភាពថា ខ្លួនបានក្លាយជាជនរងគ្រោះម្នាក់ក្នុងចំណោមទស្សនិកជនជាច្រើនទៀត នៅក្នុងហេតុការណ៍បាក់ស្រុតកៅអីអង្គុយមើលការសម្តែងតន្ត្រីដ៏រន្ធត់មួយ រហូតធ្វើឱ្យការសម្តែងដ៏ធំនោះត្រូវប្រកាសលុបចោល និងផ្អាកជាបន្ទាន់នៅពាក់កណ្តាលទី។
យោងតាមការចុះផ្សាយនាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងក្នុងអំឡុងពេលប្រពន្ធ័កៅអីទស្សនិកជនបានបាក់ស្រុតរំលំចុះមកក្រោមខណៈព្រឹត្តិការណ៍ប្រគំតន្ត្រី«FAREWELL CONCERT អូសានី-វ៉ាសាន់ » ក្រោមប្រធានបទ «ចង់បញ្ជាក់ឱ្យច្បាស់ៗជាលើកចុងក្រោយ» បានចាប់ផ្ដើមសម្ដែង។ សេចក្តីរាយការណ៍បានឱ្យដឹងថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ អតីតប្រមុខរដ្ឋាភិបាលថៃ បានស្ថិតនៅក្នុងតំបន់កៅអីទស្សនិកជនដែលបានស្រុតរំលំនោះចំពេលកើតហេតុតែម្តង។

ភ្លាមៗបន្ទាប់ពីហេតុការណ៍នេះ លោកស្រី ផែថងថាន បានបង្ហោះបច្ចុប្បន្នភាព និងរូបភាពនៅលើស្តូរីអ៊ិនស្តាក្រាមគណនីផ្លូវការរបស់លោកស្រី ដោយបានសរសេរសារខ្លីបែបកំប្លែងស្ងួតថា៖ «ជនរងគ្រោះលេខ១» ដើម្បីឱ្យអ្នកគាំទ្រ និងសាធារណជនបានដឹងពីសុវត្ថិភាពរបស់លោកស្រី។
ទោះបីជាយ៉ាងណា ហេតុការណ៍បាក់ស្រុតជើងទម្រ និងកៅអីទស្សនិកជននេះ បានបង្កឱ្យមានភាពចលាចលយ៉ាងខ្លាំងនៅកន្លែងកើតហេតុ រហូតធ្វើឱ្យគណៈកម្មការរៀបចំការប្រគំតន្ត្រីត្រូវសម្រេចចិត្តប្រកាសផ្អាក និងលុបចោលការសម្តែងកាលពីយប់មិញភ្លាមៗ ដើម្បីសុវត្ថិភាពរបស់អ្នកចូលរួមទាំងអស់ ព្រមទាំងបន្តពិនិត្យមើលស្ថានភាពអ្នករងរបួសនៅក្នុងព្រឹត្តិការណ៍នេះផងដែរ៕
