កម្មវិធីផ្តល់អាហារឥតគិតថ្លៃដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) កំពុងរងការរិះគន់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីគ្រូ និងសិស្សសាលាជាង ១,៧០០នាក់ បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ត្រឹមរយៈពេល ៣ថ្ងៃ ដោយសារការពុលអាហារដែលចែកជូនដោយរដ្ឋ។

ករណីផ្ទុះឡើងចុងក្រោយបង្អស់បានកើតមាននៅវិទ្យាល័យមួយក្នុងទីក្រុង Lasem ខេត្តជ្វាកណ្តាល ដោយសិស្ស ៧៥២នាក់ និងគ្រូបង្រៀន ២៥នាក់ បានលេចចេញរោគសញ្ញារាគរូស និងក្អួតចង្អោរយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបរិភោគអាហារថ្ងៃត្រង់ដែលមានសាច់មាន់អាំង កាលពីថ្ងៃពុធ កន្លងទៅ។ ក្នុងចំណោមអ្នករងគ្រោះ មាន ១៥នាក់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
លទ្ធផលនៃការត្រួតពិនិត្យបឋមបង្ហាញថា សាច់មាន់ដែលយកទៅចែកជូននោះបានផ្អូមទៅហើយ ដោយសារតែម្ហូបត្រូវបានចម្អិនតាំងពីម៉ោង ៣ទៀបភ្លឺ ប៉ុន្តែទុកជិតមួយថ្ងៃទើបយកទៅចែកឱ្យសិស្សទទួលទាននៅពេលថ្ងៃត្រង់។

នេះមិនមែនជាករណីលើកដំបូងនោះទេ ដោយកាលពីថ្ងៃអង្គារ កន្លងទៅ សិស្សចំនួន ៦៦៤នាក់នៅខេត្តជ្វាខាងកើត ក៏បានពុលអាហារក្រោមកម្មវិធីនេះដែរ ព្រមទាំងមានសិស្សប្រមាណ ៣០០នាក់ទៀតនៅស្រុក Nganjuk និងស្រុក Agam បានរងផលប៉ះពាល់ដូចគ្នា។
គួរបញ្ជាក់ថា កម្មវិធីផ្តល់អាហារឥតគិតថ្លៃនេះ ត្រូវបានផ្តួចផ្តើមឡើងដោយលោក ប្រាបូវូ កាលពីឆ្នាំមុន ជាមួយនឹងកញ្ចប់ថវិការហូតដល់ ១២,៩៤ប៊ីលានដុល្លារអាមេរិក ក្នុងគោលបំណងលើកកម្ពស់អាហារូបត្ថម្ភដល់កុមាររាប់សិបលាននាក់នៅទូទាំងប្រទេស។ ទោះជាយ៉ាងណា គម្រោងទ្រង់ទ្រាយធំមួយនេះបានប្រែជា «ភាពបរាជ័យនៃប្រព័ន្ធគ្រប់គ្រង» យ៉ាងធ្ងន់ធ្ងរ ដោយសារតែខ្វះការគ្រប់គ្រងអនាម័យ ការរក្សាទុកអាហារ និងប្រព័ន្ធដឹកជញ្ជូនដែលគ្មានប្រសិទ្ធភាព។


ទិន្នន័យពីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានបង្ហាញតួលេខដ៏គួរឱ្យភ្ញាក់ផ្អើលថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា មនុស្សរហូតដល់ទៅ ៥០,០០០នាក់ហើយ ដែលបានរងផលប៉ះពាល់ពីករណីពុលអាហារក្រោមកម្មវិធីរដ្ឋមួយនេះ។ ការស្ទង់មតិកាលពីខែកក្កដាកន្លងទៅ ក៏បានបញ្ជាក់ដែរថា ប្រជាជនឥណ្ឌូណេស៊ីត្រឹមតែ ១/៣ ប៉ុណ្ណោះដែលគាំទ្រកម្មវិធីនេះ ខណៈភាគច្រើនសម្តែងការមិនពេញចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពម្ហូបអាហាររបស់កូនៗពួកគេ។
ទោះបីជាប្រធានទីភ្នាក់ងារជាតិអាហារូបត្ថម្ភបានសន្យាថា នឹងចាត់វិធានការម៉ឺងម៉ាត់ក្តី ប៉ុន្តែក្រុមសមាជិកសភា និងសាធារណជនឥណ្ឌូណេស៊ី នៅតែបន្តរិះគន់យ៉ាងចាស់ដៃថា នេះជាការខ្ជះខ្ជាយថវិកាជាតិ និងកំពុងយកជីវិតកុមារទៅប្រថុយនឹងគ្រោះថ្នាក់៕
