ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦បានដឹកនាំធ្វើបទបង្ហាញជូនក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ចំនួន២២រូប តំណាងមកពី១៨ប្រទេស អំពីបច្ចុប្បន្នភាព និងស្ថានការណ៍ចុងក្រោយតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្នុងបទបង្ហាញ ក្រសួងការពារជាតិបានលើកឡើងពីការវិវត្តន៍នៃស្ថានការណ៍តាមព្រំដែន ចាប់ពីមុនពេលមានការប៉ះទង្គិចប្រដាប់អាវុធ រហូតដល់បទឈប់បាញ់ក្នុងខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចខិតខំរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់។

តំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានបង្ហាញពីវឌ្ឍនភាពការងារបោះបង្គោលបណ្តោះអាសន្ន និងកិច្ចខិតខំរបស់កម្ពុជាក្នុងការជំរុញកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) ព្រមទាំងស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTS) ដើម្បីបន្តការងារលើទីតាំងជាក់ស្តែង។
ជាមួយគ្នានេះ ក្រុម CLG បានបង្ហាញពីការរួមចំណែកក្នុងការសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានភាពជាក់ស្តែងតាមព្រំដែន ស្របតាមយន្តការដែលបានព្រមព្រៀងគ្នា។
ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា ទោះបីភាគីទាំងពីរបានព្រមព្រៀងលើបទឈប់បាញ់ក៏ដោយ ស្ថានការណ៍នៅតាមព្រំដែននៅតែមានបញ្ហាប្រឈមមួយចំនួន ដូចជា ការចល័តកងទ័ព ការរាយបន្លាលួស ការដាក់កុងតឺន័រ និងការសាងសង់សំណង់រឹង ដែលត្រូវបានលើកឡើងថា កំពុងផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី និងរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋកម្ពុជាទៅកាន់លំនៅឋានរបស់ខ្លួន។
កម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតាមព្រំដែន ព្រមទាំងបន្តជំរុញការសន្ទនា និងការដោះស្រាយបញ្ហាតាមយន្តការដែលមានស្រាប់ ដើម្បីឈានទៅរកសន្តិភាព និងស្ថិរភាពយូរអង្វែង។


