ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន១៤នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសចំនួន៧ករណីផ្សេងគ្នា។

ជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវ និងឃាត់ខ្លួនកាលពីថ្ងៃទី១ និងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។

បទល្មើសដែលពាក់ព័ន្ធ រួមមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ការធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស អំពើលួចមានស្ថានទម្ងន់ទោស ក្លែងបន្លំ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ព្រមទាំងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។

ក្នុងចំណោមនោះ មានករណីកាក់រថយន្ត និងប្រើអំពើហិង្សាលើអ្នកបើកបរ និងករណីលួចម៉ូតូចំនួន២គ្រឿង។បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
អត្ថបទ÷ចតុម្មុខ
