បាងកក៖ សេចក្តីសម្រេចយ៉ាងប្រញាប់ប្រញាល់របស់លោក អនុទិន ឆានវីរ៉ាកូល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ក្នុងការចុះហត្ថលេខាបណ្តេញជនជាតិអ៊ីស្រាអែលឈ្មោះ Yaacov Ohayon ចេញពីប្រទេស កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ កំពុងតែបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីមជ្ឈដ្ឋានសាធារណជននៅក្នុងសង្គមថៃ។

ទោះបីជាលោក អនុទិន បានអះអាងថា ក្រុមការងាររបស់លោកគ្រាន់តែអនុវត្តតាម បទបញ្ជាថ្មីនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រី ស្តីពីការបណ្តេញចេញ ឆ្នាំ២០២៦ ដើម្បីការពារ «សន្តិសុខជាតិ វប្បធម៌ និងសុវត្ថិភាពប្រជាជនថៃ» ក៏ដោយ ប៉ុន្តែការយក «សិទ្ធិអំណាចផ្តាច់មុខ» មកអនុវត្តភ្លាមៗបែបនេះ ត្រូវគេមើលឃើញថា ជាការបិទបាំងនូវរបៀបវារៈនយោបាយក្នុងស្រុកច្រើនជាងការការពារច្បាប់។

លោក អនុទិន បានគូសបញ្ជាក់ថា «ទោះបីជាប្រទេសថៃ ត្រូវការទាក់ទាញភ្ញៀវទេសចរបរទេសក្នុងចំនួនច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែជនបរទេសទាំងអស់ត្រូវតែគោរពច្បាប់ វប្បធម៌ និងប្រពៃណីថៃជាដាច់ខាត។ ប្រសិនបើមានការប្រព្រឹត្តទង្វើខុសឆ្គង ឬមិនសមរម្យ រដ្ឋាភិបាលនឹងប្រើប្រាស់សិទ្ធិស្របច្បាប់ដើម្បីបណ្តេញចេញភ្លាមៗ ដោយគ្មានការលើកលែងឡើយ»។
ទោះជាយ៉ាងណា វិធានការដកហូត និងបណ្តេញចេញយ៉ាងប្រញាប់ប្រញាល់នេះ វាឆ្លុះបញ្ចាំងពីការប្រើអំណាចជានាយករដ្ឋមន្រ្តីបំពានលើអំណាចតុលាការ ថែមទាំងរំលោភសិទ្ធិមនុស្ស ដូច្នេះការអនុវត្តតាម «បទបញ្ជាថ្មី» នេះ ត្រូវគេមើលឃើញថាជា ការប្រមូលផ្តុំអំណាចផ្តាច់ការ ដែលប្រគល់ដាវអាជ្ញាសឹកទៅកណ្ដាប់ដៃរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតែម្នាក់ ក្នុងការចាត់ការលើជោគវាសនារបស់ជនបរទេស ដោយជាន់ឈ្លីលើប្រព័ន្ធតុលាការ និងរំលងចោលទាំងស្រុងនូវនីតិវិធីច្បាប់ត្រឹមត្រូវ។

បន្ថែមពីនេះ និយមន័យនៃពាក្យថា «អាកប្បកិរិយាមិនសមរម្យ» ឬ «ប៉ះពាល់ដល់សន្តិសុខ» គឺជាល្បិចកលនយោបាយប្រជាភិថុត យ៉ាងច្បាស់ក្រឡែត ដែលបើកដៃឱ្យអ្នកនយោបាយប្រើប្រាស់អំណាចតាមអំពើចិត្ត និងបកស្រាយច្បាប់តាមចិត្តនឹកឃើញ គ្រាន់តែដើម្បីយកចិត្តមហាជនក្នុងស្រុក និងបង្កើតរូបភាពជា «វីរបុរសជាតិនិយម»។
មែនទែនទៅ ទង្វើទាត់ចោលនីតិរដ្ឋរបស់រដ្ឋាភិបាលអនុទិន មិនត្រឹមតែជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងសុវត្ថិភាពផ្លូវច្បាប់របស់ជនបរទេសប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងជំរុញឱ្យថៃប្រឈមមុខនឹង វិបត្តិការទូតដ៏ស្រួចស្រាវជាមួយប្រទេសអ៊ីស្រាអែល។ ការបណ្តេញពលរដ្ឋគេចេញដោយគ្មានការស៊ើបអង្កេតប្រកបដោយតម្លាភាព ឬគ្មានភស្តុតាងច្បាស់លាស់ពីតុលាការ អាចនឹងត្រូវបានរដ្ឋាភិបាលអ៊ីស្រាអែល មើលឃើញថាជា «ការរើសអើង និងជាការប្រមាថដល់កិត្តិយសជាតិ» ដែលអាចឈានទៅដល់ការឆ្លើយតបតាមផ្លូវការទូតយ៉ាងក្តៅគគុក។
លើសពីនេះ ការអនុវត្តច្បាប់បែបនេះ នឹងក្លាយជាសារធាតុពុលបំផ្លាញទំនុកចិត្តរបស់អ្នកវិនិយោគអន្តរជាតិ និងទេសចរជុំវិញពិភពលោកផងដែរ។ វានឹងធ្វើឱ្យប្រទេសថៃបាត់បង់មុខមាត់នៅលើឆាកអន្តរជាតិ ដោយផ្លាស់ប្តូររូបភាពពី «ប្រទេសប្រជាធិបតេយ្យដែលបើកទូលាយ» ទៅជា «ដែនដីអនាធិបតេយ្យផ្លូវច្បាប់» ដែលជោគវាសនារបស់អ្នកវិនិយោគបរទេសត្រូវព្យួរនៅលើអារម្មណ៍ និងក្បាលចិត្តរបស់អ្នកនយោបាយតែម្នាក់៕
