ម៉ិកស៊ិក៖ ហេតុការណ៍ផ្ទុះកាំជ្រួច និងរំសេវផាវបានកើតឡើងក្នុងពេលប្រារព្ធពិធីបុណ្យសាសនាប្រចាំតំបន់នៅក្នុងប្រទេសម៉ិកស៊ិក ដោយបានបណ្តាលឱ្យបាក់រំលំជញ្ជាំង សម្លាប់មនុស្សយ៉ាងតិច ១០នាក់ និងបង្កឱ្យរបួសធ្ងន់ស្រាលចំនួន ៦៤ នាក់ ខណៈអាជ្ញាធរកំពុងប្រញាប់ប្រញាល់បើកការស៊ើបអង្កេតលើមូលហេតុនៃគ្រោះថ្នាក់នេះ។

ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃសៅរ៍ កន្លងទៅនេះ នៅក្បែរព្រះវិហារ Nuestra Señora de la Luz ក្នុងភូមិ Santa Maria Canchesda ស្រុក Temascalcingo រដ្ឋ State of Mexico ដែលមានចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រ ទិសពាយព្យពីទីក្រុង Mexico។ ការផ្ទុះបានកើតឡើង ស្របពេលដែលប្រជាពលរដ្ឋ និងពុទ្ធសាសនិក/សាសនិកជនរាប់រយនាក់កំពុងជួបជុំគ្នា រៀបចំទស្សនាការអុជផាវ និងកាំជ្រួច ដើម្បីអបអរសាទរពិធីបុណ្យសាសនាបូជាពួកបរិសុទ្ធប្រចាំតំបន់។

យ៉ាងណាម៉ិញ ពេលនេះមិនទាន់អាចបញ្ជាក់បានពីមូលហេតុពិតប្រាកដនៃការផ្ទះនេះនៅឡើយទេ។ ទន្ទឹមនឹងនេះ ការិយាល័យអគ្គព្រះរាជអាជ្ញានៃរដ្ឋ State of Mexico បានចាប់ផ្តើមការស៊ើបអង្កេតជាបន្ទាន់ ដើម្បីស្វែងរកប្រភពដើម និងមូលហេតុដែលបង្កឱ្យមានការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនេះ។

គួររំលឹកផងដែរថា គ្រោះថ្នាក់ផ្ទុះរំសេវផាវ និងកាំជ្រួច បានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសម៉ិកស៊ិក ដោយសារតែការប្រើប្រាស់ផាវ និងកាំជ្រួចនៅក្នុងពិធីបុណ្យតាមផ្លូវសាធារណៈ និងពិធីបុណ្យសាសនានៅតាមតំបន់ផ្សេងៗ។ កាលពីជិត ៤ឆ្នាំមុន ហេតុការណ៍ផ្ទុះកាំជ្រួចដ៏ធំមួយក៏ធ្លាប់បានកើតឡើងនៅក្នុងភូមិមួយនៃស្រុក Huejutla រដ្ឋ Hidalgo ភាគកណ្តាលនៃប្រទេសម៉ិកស៊ិក ដោយបានបណ្តាលឱ្យមនុស្ស ១៧នាក់រងរបួសផងដែរ៕

ប្រភព៖ Aljazeera

Share.