ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញ និងដាស់តឿនយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសអាជ្ញាធរឃុំ-សង្កាត់ ឱ្យបន្តខិតខំពង្រឹងកិច្ចសហការ និងអនុវត្តវិធានការនៃ «គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ទាប់ពីការស្ទង់មតិនៅតាមមូលដ្ឋានជាង ៤០០ឃុំ-សង្កាត់ រកឃើញថា បញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងអំពើចោរកម្ម នៅតែជាកង្វល់យ៉ាងធ្ងន់ធ្ងរដែលបន្តញាំញីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា កន្លងមក នៅពេលដែលថ្នាក់ដឹកនាំ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ បានចុះធ្វើវេទិកាសាធារណៈ ហើយប្រជាពលរដ្ឋបានស្នើសុំ ឬលើកឡើង នូវបញ្ហាដដែលៗ ដោយមិនទាន់ទទួលបានការដោះស្រាយរលូននៅឡើយ។ ផ្អែកលើលទ្ធផលនៃការធ្វើអង្កេត និងស្ទង់មតិលើឃុំ-សង្កាត់ជាង ៤០០ អាជ្ញាធរកត់សម្គាល់ឃើញថា អត្រានៃបទល្មើសផ្សេងៗដូចជា បញ្ហាគ្រឿងញៀន ក្មេងទំនើង អំពើលួច (លួចសត្វពាហនៈ) និងល្បែងស៊ីសង នៅតែមានកម្រិតខ្ពស់ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ និងដោះស្រាយជាកញ្ចប់។
ទាក់ទងនឹងបទល្មើសគ្រឿងញៀន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញកង្វល់យ៉ាងខ្លាំង ដោយលោកបានគូសរំលេចថា បញ្ហានេះមិនត្រឹមតែជាកង្វល់នៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែជាបញ្ហាប្រឈមរួមទូទាំងតំបន់ ក៏ដូចជាសកលលោក។ បច្ចុប្បន្ន ទំហំនៃការជួញដូរគ្រឿងញៀនបានវិវត្តទៅរកមាត្រដ្ឋានធំៗយ៉ាងគួរឱ្យព្រួយបារម្ភ ពោលគឺការបង្ក្រាបម្ដងៗបានកើនឡើងរហូតដល់រាប់តោន ខុសពីមុនដែលមានត្រឹមតែប៉ុន្មានគីឡូក្រាមប៉ុណ្ណោះ។ បន្ថែមពីនេះ មុខសញ្ញាជនល្មើសដែលនាំចូល និងឆ្លងកាត់គ្រឿងញៀន ឬកញ្ឆាក្រៀម តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ បានផ្លាស់ប្តូរការប្រព្រឹត្តបទល្មើសពីក្រុមជនជាតិអាហ្វ្រិក មកជាជនជាតិមកពីបណ្តាប្រទេសអឺរ៉ុប និងអាស៊ី ដូចជា អង់គ្លេស កូរ៉េ ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ជាដើម ដែលក្នុងនោះមានជនល្មើសខ្លះបានធ្វើសកម្មភាពឆ្លងកាត់កម្ពុជា ៣ ទៅ ៤ ដង រួចមកហើយ។
ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាស់តឿន និងលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ឱ្យដំឡើងកម្រិតនៃការស៊ើបអង្កេត និងតាមដានសកម្មភាពមុខសញ្ញាសង្ស័យ ដោយប្រែក្លាយរបៀបរបបនៃការធ្វើការងារបែប «ចារកិច្ច ឬកិច្ចការសម្ងាត់» មកអនុវត្តលើការបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យបានម៉ឺងម៉ាត់ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ឱ្យរួមគ្នារាយការណ៍ព័ត៌មានជាក់ស្តែងអំពីបទល្មើសគ្រឿងញៀន តាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «NoDrug App» របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមចំណែកលុបបំបាត់បទល្មើស និងបង្កើតសុវត្ថិភាពជូនសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព៕
